ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា៖ ប្រទេសលោកខាងលិចកំពុងធ្វើសង្គ្រាមពាណិជ្ជកម្មប្រឆាំងនឹងរុស្ស៊ី
ភ្នំពេញ៖ ឯកឧត្តម អាណាតូលី បូរ៉ូវីក បានគូសបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិច កំពុងធ្វើសង្គ្រាមពាណិជ្ជកម្មប្រឆាំងនឹងរុស្ស៊ី។ វិធានការទណ្ឌកម្មជាង ១៨ពាន់ប្រឆាំងនឹងរុស្ស៊ី ត្រូវបានអនុម័ត។
ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានប្រាប់អ្នកកាសែតកម្ពុជាបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា សកម្មភាពបែបនេះ ប្រឆាំងទៅនឹងផលប្រយោជន៍សេដ្ឋកិច្ចរបស់សហគមន៍ពិភពលោក ហើយបណ្តាលអោយមានបញ្ហារចនាសម្ព័ន្ធកាន់តែច្រើននៅក្នុងសេដ្ឋកិច្ចពិភពលោក អតុល្យភាពនៃទីផ្សារស្បៀងអាហារទូទៅ និងការកើនឡើងតម្លៃអគ្គិសនី ផលិតផលកសិកម្ម និងទំនិញសំខាន់ៗផ្សេងទៀតនៅទូទាំងពិភពលោក។

ឯកឧត្តមបន្ថែមថា នៅក្នុងបរិបទនេះ ការចោទប្រកាន់ចំពោះយើង គឺជាការប៉ុនប៉ងគ្មានមូលដ្ឋាន ដើម្បីទម្លាក់ទោសលើរុស្ស៊ី សម្រាប់គោលនយោបាយបំផ្លិចបំផ្លាញរបស់លោកខាងលិច។ នៅពេលជាមួយគ្នានេះ ប្រទេសរបស់យើងមិនត្រឹមតែទប់ទល់នឹងសម្ពាធដ៏ធំធេងនោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសក្ដានុពលសេដ្ឋកិច្ចវិជ្ជមានផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ក្នុងពេលជាមួយគ្នា នៅខែកក្កដា ឆ្នាំ២០២៣ ទីក្រុងម៉ូស្គូត្រូវបានបង្ខំឱ្យផ្អាកការចូលរួមរបស់ខ្លួននៅក្នុងគំនិតផ្តួចផ្តើមសមុទ្រខ្មៅ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិនិងជីរបស់រុស្ស៊ីក៏ដូចជាគ្រាប់ធញ្ញជាតិអ៊ុយក្រែនផងដែរ។

ហេតុផលនៃសេចក្តីសម្រេចនោះ គឺជាការមិនគោរពដោយលោកខាងលិច នូវការ
អនុវត្តកិច្ចព្រមព្រៀងផ្នែករុស្ស៊ី និងការប្រើប្រាស់ដោយរបបទីក្រុងគៀវ នូវច្រករបៀងដឹកជញ្ជូនក្នុងគោលបំណងភេរវកម្ម។ បើតាមឯកឧត្តម អាណាតូលី បូរ៉ូវីក ប្រទេសរុស្ស៊ីបានសម្តែងការត្រៀមខ្លួន ដើម្បីធានាការនាំចេញស្បៀងរុស្ស៊ី ទៅកាន់បណ្តារដ្ឋអាស៊ាន៕


អត្ថបទ៖ ឈឹម ទីណា