ជនជាតិជប៉ុនដំបូងបង្អស់មានសំណាងជាន់ឋានព្រះចន្ទនៅឆ្នាំ២០២៦
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធនេះ បានប្រកាថា អវកាសយានិកជនជាតិជប៉ុនដែលមានសំណាង នឹងក្លាយជាមនុស្សដំបូងគេ ដែលមិនមែនជាជនជាតិអាមេរិក នឹងបានជាន់ឋានព្រះចន្ទ ក្នុងអំឡុងពេលបេសកកម្ម Artemis នាពេលខាងមុខរបស់អង្គការ NASA។
ការប្រកាសរបស់លោក បៃដិន នាពេលនេះ កើតឡើងស្របពេលដែលនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា មកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងក្នុងគ្រាដែលទីក្រុងវ៉ាស៊ីនតោនស្វែងរកការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់របស់ខ្លួន។ លោក បៃដិន បាននិយាយនៅក្នុងសន្និសីទកាសែតជាមួយលោក គីស៊ីដា ថា អវកាសយានិកជប៉ុនពីរនាក់នឹងចូលរួមបេសកកម្មរបស់អាមេរិកនាពេលអនាគត ហើយមានម្នាក់នឹងក្លាយជាមនុស្សដំបូងគេ ដែលមិនមែនជាជនជាតិអាមេរិក ដែលបានជាន់ឋានព្រះចន្ទ។

ជាមួយគ្នានេះ លោក គីស៊ីដា បានសាទរចំពោះការប្រកាសនេះថា ជា “សមិទ្ធិផលដ៏ធំ” ហើយបានប្រកាសថា ប្រទេសជប៉ុននឹងផ្តល់ត្រឡប់មកវិញនូវយានយន្តអវកាស Rover សម្រាប់កម្មវិធីឋានព្រចន្ទរបស់អង្គការណាសា។ ចំណែកប្រធានអង្គការ NASA លោក Bill Nelson បាននិយាយតាមវីដេអូដែលបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អាមេរិកនឹងលែងដើរលើឋានព្រះចន្ទតែម្នាក់ឯងទៀតហើយ… ការទូតគឺជារឿងល្អសម្រាប់ការរុករក ហើយការរុករកគឺជារឿងល្អសម្រាប់ការទូត។

សូមបញ្ជាក់ថា កម្មវិធី Artemis របស់អង្គការ NASA មានគោលបំណងបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទជាលើកដំបូងក្នុងរយៈពេលជាង ៥០ឆ្នាំ និងដើម្បីកសាងវត្តមាននៅទីនោះជាអចិន្ត្រៃយ៍ មុនពេលបន្តបេសកកម្មដ៏មានសក្តានុពលទៅកាន់ភពព្រះអង្គារ។ បេសកកម្មដំបូងរបស់ណាសា ក្នុងការនាំយកអវកាសយានិកទៅកាន់ផ្ទៃឋានព្រះចន្ទ គឺ Artemis 3 ដែលគ្រោងទុកនៅឆ្នាំ២០២៦។ ដោយឡែកប្រទេសចិនក៏បានប្រកាសដែរថា ខ្លួនក៏កំពុងស្វែងរកការបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទនៅឆ្នាំ២០៣០ផងដែរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា