តម្លៃប្រេងនឹងឡើងថ្លៃ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
បរទេស៖ ក្រោយពេលដែលអ៊ីរ៉ង់បាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ជាង៣០០គ្រឿង លើអ៊ីស្រាអែល អ្នកជំនាញប្រេងប្រចាំនៅប្រទេសគុយវ៉ែត បាននិយាយថា តម្លៃប្រេងដែលកើនឡើងស្រាប់នោះ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត នៅថ្ងៃចន្ទនេះ។
លោក Kamel al-Harami បានអះអាងថា តម្លៃប្រេងឆៅ ប្រហែលជានឹងឡើងថ្លៃ ដល់ទៅ ៩៥ដុល្លារ ក្នុងមួយបារ៉ែល ពោលគឺកើនពីតម្លៃ ៩០.៤៥ដុល្លារ កាលពីថ្ងៃសុក្រ។ លោក Kamel បាននិយាយទៀត «យើងមិនដឹងថា តើអ៊ីស្រាអែលនឹងឆ្លើយតប ដោយរបៀបណា ហើយថាតើអ៊ីរ៉ង់ នឹងងាកទៅរកការបញ្ឈប់ការផ្គត់ផ្គង់ប្រេង ជាការឆ្លើយតបដែរ ឬ យ៉ាងណា»។ ប៉ុន្តែ លោកបន្ថែមទៀតថា វាឆាប់ពេក ក្នុងការនិយាយថាតើតម្លៃប្រេងនឹងបន្តកើនឡើង រយៈពេលយូរ ប៉ុណ្ណានោះ។
គួរបញ្ជាក់ថា អ៊ីរ៉ង់គឺជាប្រទេសផលិតប្រេងឆៅធំជាងគេ លំដាប់ទី៧ របស់ពិភពលោក ក្នុងឆ្នាំ២០២២ ហើយមានស្តុកប្រេងធំជាងគេ លំដាប់ទី៣ ពោលគឺបន្ទាប់ពីប្រទេសវេណេហ្ស៊ុយអេឡា និង អារ៉ាប៊ី សាអូឌីត នេះបើយោងតាមរដ្ឋបាលព័ត៌មានថាមពល របស់សហរដ្ឋអាមេរិក។
លោក Harami បាននិយាយទៀតថា ប្រទេស អ៊ីរ៉ង់ ក៏មានវិធីជាច្រើនទៀត ដើម្បីបង្កការបំផ្លិចបំផ្លាញដល់ទីផ្សារប្រេង រួមទាំង ការរំខានដល់ចរាចរណ៍ផ្លូវទឹក តាមរយៈច្រកសមុទ្រ Hormuz និងការដាក់សម្ពាធលើប្រទេសផ្សេង ដូចជា អ៊ីរ៉ាក់ ជាដើម ឱ្យកាត់បន្ថយការផ្គត់ផ្គង់ប្រេង។
កាលពីថ្ងៃសៅរ៍ អ៊ីរ៉ង់បានវាយប្រហារដ៏កម្រ លើអ៊ីស្រាអែល ដោយខ្លួនអះអាងថា ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាស កាលពីថ្ងៃទី ១ ខែមេសា ទៅលើអគារស្ថានកុងស៊ុលរបស់ខ្លួន នៅស៊ីរី ដែលគេជឿថា ជាស្នាដៃរបស់អ៊ីស្រាអែល៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត