ថៃ៖ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស១១៦នាក់ ក្នុងពេលបីថ្ងៃដំបូង នៃសង្ក្រាន្ត
បាងកក៖ មនុស្សស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ អំឡុងសង្ក្រាន្តថៃ រយៈពេល៣ថ្ងៃដំបូង មានចំនួន ១១៦នាក់ នេះបើតាមកាសែត The Nation។
គ្រោះថ្នាក់ចរាចរណ៍ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមេសា បានកើតឡើងចំនួន ៩៣៦លើក។ ក្រៅពីការស្លាប់មនុស្សទាំងជាង១០០នាក់ ក៏មានមនុស្ស ៩៦៨នាក់ផ្សេងទៀត រងរបួស ផងដែរ។
ប្រភពបានញ្ជាក់ថា ខេត្ត Nakhon Si Thammarat និង Songkhla មានការកត់ត្រាចំនួនគ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងគេ ក្នុងពេលបីថ្ងៃ មកនេះ។ ទីក្រុងបាងកកមានមនុស្សស្លាប់ ច្រើនជាងគេ។ រីឯ មូលហេតុចម្បងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺកត្តាល្បឿន និង បើកបរក្នុងស្ថានភាពស្រវឹង ហើយ ម៉ូតូគ្រោះថ្នាក់ ច្រើនជាងគេ។
គួរបញ្ជាក់ថា ថៃបាននិងកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី រយៈពេល៧ថ្ងៃ។ ពេលបុណ្យចូលឆ្នាំម្តងៗ មនុស្សរាប់លាននាក់ដែលសិក្សា ឬធ្វើការនៅក្រៅខេត្តរបស់ពួកគេ បានឆ្លៀតយកឱកាសនៃថ្ងៃឈប់សម្រាក ធ្វើដំណើរទៅផ្ទះជួបជុំក្រុមគ្រួសារ៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត