មេធំ IMF ជំរុញអន្តរជាតិឱ្យចាប់អារម្មណ៍ភាពឈឺចាប់នៅយេម៉ែន និងស៊ូដង់
វ៉ាស៊ីនតោន: ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ IMF នៅថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងពីភាពឈឺចាប់ និងការរងទុក្ខវេទនានៅយេម៉ែន និងស៊ូដង់ ដែលប្រទេសទាំងពីរបានញាំញីដោយសារសង្រ្គាមស៊ីវិល ហើយជារឿយៗត្រូវបានគ្របដណ្ដប់ដោយស្ថានភាពនៃប្រទេសដទៃទៀត។
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី Kristalina Georgieva បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា នៅពេលដែលយើងចាប់អារម្មណ៍សង្រ្គាម ដូចជានៅអ៊ុយក្រែន និងហ្គាហ្សា… ពួកវាបានគ្របដណ្តប់លើការឈឺចាប់ និងការរងទុក្ខវេទនាដែលកំពុងកើតឡើងនៅកន្លែងផ្សេងទៀត។

លោកស្រី Georgieva ចង់សំដៅលើសង្រ្គាមនៅក្នុងប្រទេសយេម៉ែន និងស៊ូដង់។ លោកស្រីបន្ថែមថា ប៉ុន្តែយើងសូមធានាថា សម្រាប់ពួកយើងនៅមូលនិធិ IMF, សមាជិកទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ពីការគាំទ្រ និងការយកចិត្តទុកដាក់របស់យើង ទៅតាមលក្ខខណ្ឌ។
ជាមួយគ្នានោះ លោកស្រី Georgieva ក៏បានកត់សម្គាល់ពីភាពរឹងមាំនៃសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ាផងដែរ ទោះបីជាមានផលប៉ះពាល់នៃសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា និងការវាយប្រហាររបស់ពួកឧទ្ទាមហ៊ូទីរបស់យេម៉ែន លើការធ្វើចរាចរតាមសមុទ្រនៅសមុទ្រក្រហមក៏ដោយ។

លោកស្រី Georgieva ក៏បានអោយដឹងដែរថា IMF បាននឹងកំពុង លើក ទឹកចិត្ត រដ្ឋាភិបាល នានា ឱ្យ បង្កើន ប្រាក់ ចំណូល ពន្ធ របស់ ខ្លួន ដើម្បីវិនិយោគលើការប្រយុទ្ធ ប្រឆាំង នឹង ការ ឡើង កំដៅ ផែនដី។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ មូលនិធិ IMF បានធ្វើបច្ចុប្បន្នភាពរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីស្ថានភាពសេដ្ឋកិច្ចពិភពលោក ហើយបាននិយាយថា ខ្លួនរំពឹងថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើនចំនួន ៣.២ភាគរយនៅឆ្នាំ២០២៤នេះ ពោលកើនឡើងបន្តិច បើធៀបនឹងការប៉ាន់ស្មានពីមុនរបស់ខ្លួន៕


ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា