ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើប នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត ២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមន្ទីរពេទ្យដើរតួនាទីផ្តល់សេវាសុខាភិបាលដ៏សំខាន់ ដែលត្រូវបានបើកទ្វារតាំងពីឆ្នាំ១៩២៩ ពេលកម្ពុជាស្ថិតនៅក្រោមអាណានិគមបារាំង ហើយបន្តផ្តល់សេវារហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

មន្ទីរពេទ្យនេះ ត្រូវបានផ្អាកដំណើរការទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យរយៈពេលជិត ៤ឆ្នាំ ។ មន្ទីរពេទ្យនេះ បានបើកដំណើរការឡើងវិញមនៅក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខណៈដែលហេដ្ឋរចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារបម្រើដល់ការព្យាបាល ត្រូវបានខូចអស់ ។
ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងមានការជួយគាំទ្រពីប្រទេសជាមិត្ត និងអង្គការមនុស្សធម៌នានា មន្ទីរពេទ្យ ត្រូវបានអភិវឌ្ឍន៍ និងលើកកម្ពស់ការផ្តល់សេវាសុខា ភិបាលឱ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ ដើម្បីផ្តល់សេវាជួយសង្គ្រោះប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាពខ្ពស់ ។

អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ នឹងរួមចំណែកធ្វើឱ្យការផ្តល់សេវាសុខាភិបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាន់តែល្អប្រសើរថែមទៀត ។ អគារនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ និងបានបញ្ចប់រួចរាល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ។ អគារនេះ មានកម្ពស់ ៤ជាន់ និងមានតួនាទីផ្តល់សេវាផ្សេងៗគ្នា ។
អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់នេះ មានជាន់ផ្ទាល់ដី៖ ប្រើសម្រាប់ផ្តល់សេវាពិគ្រោះជំងឺក្រៅ, សេវាសង្គ្រោះបន្ទាន់, សេវារូបភាពវេជ្ជសាស្ត្រ, ផ្នែកគាំទ្រសេវា, ផ្នែកបោកគក់ និងបន្ទប់ដាក់ម៉ាស៊ីនភ្លើង។ ជាន់ទី១៖ ប្រើសម្រាប់ផ្តល់សេវាផ្នែកប្រពោធកម្មវះកាត់, ផ្នែកសល្យាគារ និងសណ្តំ និងផ្នែកស្តេរីល និងគ្រប់គ្រងឧបករណ៍។ ជាន់ទី២៖ ប្រើសម្រាប់ផ្តល់សេវាផ្នែកសល្យាសាស្ត្រឆ្អឹងសន្លាក់ និងរបួសគ្រាំគ្រា និងផ្នែកឯកទេសត្រចៀក ច្រមុះ បំពង់ក និងសល្យាសាស្ត្រមុខ និងថ្គាម និងជាន់ទី៣៖ ប្រើសម្រាប់ផ្តល់សេវាផ្នែកសល្យាសាស្ត្រសរីរាង្គពោះ និងទ្រូង, ផ្នែកសល្យាសាស្ត្រប្រព័ន្ធម៉ូត្រសាស្ត្រ និងផ្នែកសល្យាសាស្ត្រប្រព័ន្ធប្រសាទ ៕





ដោយ៖ វណ្ណលុក , រូបភាព៖ FN