មន្រ្តីនាំពាក្យក្រសួងកសិកម្ម៖ អគ្គរដ្ឋបាលគយចិន ទទួលស្គាល់ជាផ្លូវការ ចំការដូង ១៣ និងទីតាំងវេចខ្ចប់ចំនួន៥ សម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានឱ្យដឹងថាគិតរហូតមកដល់ពេលនេះមានចំការដូង យ៉ាងហោចណាស់ចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ដែលត្រូវបានទទួលស្គាល់ដោយអគ្គរដ្ឋបាលគយចិនដើម្បីនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ។

បើយោងតាមការបញ្ជាក់ពីសំណាក់ លោកជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤នេះថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន តាំងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ។

លោកជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្មបានលើកឡើងដោយបញ្ជាក់ថា”គិតត្រឹមពេលនេះ អគ្គរដ្ឋបាលគយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ ចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន”។

មន្រ្តីនាំពាក្យរូបនេះបានឱ្យដឹងផងថា៖ចាប់តាំងពីថ្ងៃចុះហត្ថលេខា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឲ្យដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់សម្រាប់នាំចេញទៅកាន់ប្រទេសចិន ។

មន្រ្តីនាំពាក្យរូបនេះបានលើកឡើងឱ្យដឹងផងថា៖បន្ទាប់ពីទទួលបានពាក្យស្នើសុំពីសំណាក់ចម្ការនិងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ អគ្គនាយកដ្ឋានកសិកម្ម បានចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ ហើយបញ្ជូនបញ្ជីឈ្មោះចម្ការនិងរោងចក្រកែច្នៃវេចខ្ចប់ទាំងនោះ ទៅកាន់ភាគីចិនដើម្បីភាគីពិនិត្យ និងវាយតម្លៃ ។

លោកជំទាវ អ៊ឹម រចនាបាននិយាយដោយបញ្ជាក់បន្ថែមថាចំការដូង និងទីតាំងវេចខ្ចប់ដែលទទួលបានការចុះបញ្ជីពីសំណាក់អគ្គរដ្ឋបាលគយចិន កំពុងតែមមាញឹកក្នុងការរៀបចំនាំចេញផ្លែដូងស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយរំពឹងថា ការនាំចេញជើងដំបូងនឹងអាចសម្រេចបាននៅក្នុងឆ្នាំ២០២៤នេះ ។

គួរបញ្ជាក់ថា លទ្ធផល បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារអស់រយៈពេលជាង ០១ឆ្នាំ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ GACC បានអនុម័តទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការដូង ចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ ប្រទេសចិន។

ទីតាំងវេចខ្ចប់ទាំង ០៥នោះរួមមាន ៖ ១-ក្រុមហ៊ុន CAMBODIAN BANANA AGRICULTURAL CO., LTD មានទីតាំងស្ថិតនៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ ២-ក្រុមហ៊ុន NONGDE AGRICULTURE DEVELOPMENT CO., LTDមានទីតាំងស្ថិតនៅភូមិតាក្រុក ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ៣-ក្រុមហ៊ុន HARMONY WIN INVESTMENT CO., LTD. មានទីតាំងស្ថិតនៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ៤-ក្រុមហ៊ុន SOMA FARM (CAMBODIA) CO., LTD. មានទីតាំងស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ស្រុកបាទី ខេត្តតាកែវ។ ៥-ក្រុមហ៊ុន HUN TY REAL ESTATE CO., LTD ភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner