នាយករដ្ឋមន្រ្តីថៃ៖ ទីក្រុងបាងកកដាក់គោលដៅឈប់ប្រើថង់ប្លាស្ទិក៤ប្រភេទ សម្រាប់រយៈពេល៣ឆ្នាំទៅមុខ

ថៃ៖ រដ្ឋាភិបាលថៃ នឹងលែងឲ្យមានការប្រើថង់ប្លាស្ទិក ដែលមានកម្រាស់ស្តើងជាង៣៦មីក្រូម៉ែត្រ ឬប្រហែល០,០៣៦មីលីម៉ែត្រ ប្រអប់ចំណីអាហារកែច្នៃ ទុយោប្លាស្ទិក និងកែវប្លាស្ទិក ដែលអាចប្រើម្តងហើយបោះចោល នៅឆ្នាំ២០២២ខាងមុខ នេះបើតាមនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅក្នុងថ្ងៃពុធសប្តាហ៍នេះ។

ទន្ទឹមគ្នានេះ លោក ប្រាយុទ្ធ ក៏បានអរគុណដល់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការជួយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ហើយថា ក្នុងរយៈពេល១០ខែចុងក្រោយនេះយើងឃើញថា ការប្រើប្រាស់ថង់ប្លាស្ទិកបានធ្លាក់ចុះរហូតដល់២,៧តោន ឬស្មើនឹង១,៥ពាន់លានថង់។

នាយករដ្ឋមន្ត្រីថៃរូបនេះបន្ថែមទៀតថា រដ្ឋាភិបាលរបស់លោកនឹងលើកកម្ពស់វត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន ជំនួសឲ្យផលិតផលប្លាស្ទិកវិញ ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក ហើយលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថៃទាំងអស់ ឲ្យបដិសេធក្នុងការប្រើប្រាស់ថង់យួរប្លាស្ទិក នៅហាងលក់ទំនិញនានាផងដែរ។

សូមជម្រាបថា លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើការសន្យាបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសទិវាគ្មានថង់ប្លាស្ទិកអន្តរជាតិនាថ្ងៃទី០៣ ខែកក្កដានេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner