ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធយោធិនពលី ដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣

កំពង់ស្ពឺ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកាលពីថ្ងៃអាទិត្យទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធយោធិន២០រូប ដែលបានពលីដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈផងដែរ។

នៅក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា ក៏បាននាំយកនូវសារចូលរួមរំលែកទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារសពផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បាននាំយកថវិកាប្រគល់ជូនក្រុមគ្រួសារសពយោធិន ដោយមួយគ្រួសារទទួលបានពីរម៉ឺនដុល្លារជាថវិការបស់សម្តេចធិបតី,បីលានរៀលជាថវិកាក្រសួងការពារជាតិ, ប្រាំពាន់ដុល្លារជាថវិកាបានមកពីសប្បុរសជននានា និងថវិកាមួយលានរៀល ជាថវិកាជាថវិការបស់ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា មានករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគីទី៣ បណ្តាលឱ្យយោធិនចំនួន ២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស៕
ដោយៈ ម៉ុន សំអាត

ads banner