តុលាការកាត់ទោសដាក់គុកអស់មួយជីវិតជនជាតិថៃបីនាក់ ដែលដឹកជញ្ជូនគ្រឿងញៀន ៤០គីឡូក្រាម (Video Inside)
តុលាការបានសម្រេចកាត់ទោសជនជាតិថៃចំនួន ៣នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងករណីដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់។
ការដាក់ទោសជាប់ពន្ធនាគារអស់មួយជីវិតនេះ បានធ្វើដោយសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា បន្ទាប់ពីបានរកឃើញថា ជនជាតិថៃទាំង៣នាក់នោះ មានទោសកំហុសនូវបទ «ដឹកជញ្ជូន ជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទកាន់កាប់ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត»។
ជនជាតិថៃដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ទាំងនោះ ត្រូវបានសមត្ថកិច្ចបង្ក្រាប នៅចំណុចផ្លូវកែវចិន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ដោយក្រុមជនជាតិថៃទាំងនោះ បានបើករថយន្តបំបុក និងប្រើប្រាស់អាវុធបាញ់មកលើសមត្ថកិច្ចចំនួន ៨គ្រាប់ថែមទៀត។ ក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានបាញ់តបតបណ្តាលឱ្យជនសង្ស័យជាតិថៃម្នាក់ បានស្លាប់ និងម្នាក់បានរងរបួស។
គ្រឿងញៀនជាង ៤០គីឡូក្រាម, អាវុធខ្លី ២ដើម ត្រូវបានសមត្ថកិច្ចរឹបអូសយកក្នុងពេលនោះ។ ច្បាប់ក្នុងប្រទេសថៃ បានតម្រូវឱ្យមានការកាត់ទោសប្រហារជីវិត ដល់អ្នកធ្វើចរាចរគ្រឿងញៀន ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា ទោសបានកំណត់ត្រឹមតែដាក់គុកអស់មួយជីវិតតែប៉ុណ្ណោះ បើសិនជាលក្ខណៈធ្ងន់ធ្ងរ។