ទឹកជំនន់ ស្លាប់មនុស្ស ១០នាក់ នៅប្រេស៊ីល

ប្រាស៊ីលីយ៉ា៖ មនុស្សចំនួន ១០នាក់បានស្លាប់ ខណៈ២១នាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្លា បង្កជាទឹកជំនន់ នៅភាគខាងត្បូង ប្រទេសប្រេស៊ីល។

អាជ្ញាធរបាននិយាយ កាលពីថ្ងៃពុធថា ពួកគេបានជម្លៀសមនុស្សប្រហែល ៣៣០០នាក់ ទៅរកទីជម្រកបណ្តោះអាសន្ន។

ចាប់តាំងពីថ្ងៃអង្គារមក ភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបំផ្លាញស្ពាន និងបិទផ្លូវ ធ្វើឱ្យសហគមន៍ជាច្រើន ត្រូវកាត់ផ្តាច់ទាំងស្រុង។ អាជ្ញាធរបានជំរុញឲ្យប្រជាជនជៀសវាងតំបន់ តាមបណ្តោយផ្លូវជាតិ ដោយសារហានិភ័យនៃការបាក់ដីភក់ ហើយអ្នកដែលរស់នៅក្បែរទន្លេ ឬ តាមភ្នំ ត្រូវជម្លៀសចេញ។

ប្រធានាធិបតីនៃប្រទេសប្រេស៊ីល លោក Luiz Inacio Lula da Silva បានប្រកាសថា រដ្ឋាភិបាលនឹងចាត់វិធានការដោះស្រាយ តាមរយៈការបញ្ជូនជំនួយបន្ទាន់ ជាដើម ដោយលោកចាត់ទុកថា នេះជាគ្រោះមហន្តរាយដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្រ្ត របស់ប្រទេសប្រេស៊ីល។

ប្រទេសដ៏ធំបំផុតមួយ ប្រចាំអាមេរិកខាងត្បូងមួយនេះ បានទទួលរងនូវបញ្ហាអាកាសធាតុធ្ងន់ធ្ងរ នាពេលថ្មីៗនេះ ដែលអ្នកជំនាញនិយាយថា ទំនងជាត្រូវបានបង្កឡើង ដោយសារការប្រែប្រួលអាកាសធាតុ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner