សម្តេចនាយករដ្ឋមន្រ្តីលើកទឹកចិត្តក្រុមហ៊ុនតូយ៉ូតា បើកថ្នាលបណ្ដុះបណ្ដាល និងផ្ដល់ឱកាសដល់យុវជនជំនាញបច្ចេកវិទ្យាគ្រឿងយន្ដ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ស្នើឱ្យក្រុមហ៊ុន TO YOTA TSUSHO CORPORATION បើកថ្នាលបណ្ដុះបណ្ដាល និងផ្ដល់ឱកាសដល់ យុវជនជំនាញបច្ចេកវិទ្យាគ្រឿងយន្ដ អាចមកហាត់ការ នៅក្នុងក្រុមហ៊ុនដោយផ្ទាល់ ដើម្បីលើកកម្ពស់ធនធានមនុស្សកម្ពុជា ឆ្លើយតបទៅនឹងការផលិតវត្ថុធាតុរបស់ខ្លួន សម្រាប់នាំចេញផលិតផលសម្រេចផងដែរ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតាកាលព្រឹកថ្ងៃទី២ ឧសភា ២០២៤ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ការបង្កើតរោងចក្រដំឡើងរថយន្តរបស់តូយ៉ូតានៅកម្ពុជា គឺជាឱកាសក្នុងការផ្ទេរបច្ចេកវិទ្យាទំនើបៗ ពីប្រទេសជប៉ុនមកកម្ពុជា។ សម្ដេចក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យបើកថ្នាលបណ្ដុះបណ្ដាល និងផ្ដល់ឱកាសដល់យុវជន ដែលកំពុងរៀនជំនាញវិជ្ជាជីវៈ និងយុវជនជាច្រើនទៀត អាចមកហាត់ការនៅក្នុងក្រុមហ៊ុនដោយផ្ទាល់ ដើម្បីទទួលជំនាញការអនុវត្ដជាក់ស្ដែង និងមានសម្ភារៈទំនើបៗ។
ការបណ្ដុះបណ្ដាល បច្ចេកវិទ្យាគ្រឿងយន្ដ គឺជាចំណុចអាទិភាពបន្ទាប់ ។នេះជាអ្វីដែលសម្ដេចធិបតីរំលេចឡើង។សម្ដេចថាវាមាន សារៈសំខាន់នៅចំពោះមុខ ដើម្បីប្រែក្លាយផលិតភាព និងសក្ដានុ ពលរបស់ប្រជាពលរដ្ឋទាំងឱកាសការងារ និងអភិវឌ្ឍន៍វិស័យកម្មន្តសាល ដែលអាចមានសមត្ថភាព ក្នុងការផលិត ផលិតផលពាក់កណ្ដាលសម្រេច និងផលិតផលសម្រេចដើម្បីនាំចេញ។

សម្តេចធិបតី ក៏បានលើកទឹកចិត្ត ឱ្យបណ្ដាក្រុមហ៊ុន ជាពិសេស ក្រុមហ៊ុនដែលទើបវិនិយោគថ្មីៗ នៅក្នុងប្រទេសកម្ពុជា សូមចូលរួមប្រើប្រាស់វត្ថុធាតុដើម ដែលមាននៅក្នុងប្រទេសកម្ពុជា ដែលកំពុងមានស្រាប់ផងដែរ។
ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យបុគ្គលិក កំពុងបំពេញការងារនៅក្នុងរោងចក្រ ដំឡើងរថយន្តតូយ៉ូតានេះ ត្រូវខិតខំពង្រឹងសមត្ថភាព និងចាប់យកឱកាសការងារនេះឱ្យបានល្អ ដើម្បីទទួលបានចំណេះ ជំនាញ សម្រាប់ចូលរួមអភិវឌ្ឍន៍ ប្រទេស ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
គួរជម្រាបថា រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ដែលដាក់សម្ពោធដំណើរការនេះក្រោមទុនវិនិយោគជិត៣៧ លានដុល្លារពីក្រុមហ៊ុនតូយ៉ូតា៕




ដោយៈវណ្ណលុក