ត្រឹម៣ខែ ក្រុមហ៊ុន Mercedes-Benz របស់អាល្លឺម៉ង់ ចំណេញជាង ៣ពាន់លានដុល្លារ
ប៊ែរឡាំង៖ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Mercedes-Benz បានប្រកាសថ្មីៗនេះថា រយៈពេល ៣ខែដំបូងឆ្នាំនេះ ខ្លួនរកប្រាក់ចំណេញសុទ្ធបានជាង ៣ពាន់លានដុល្លារ ធ្លាក់ចុះចំនួន ២៤.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានជាង ៤ពាន់លានដុល្លារ។

ក្រុមហ៊ុន Mercedes-Benz ក៏បានរាយការណ៍ផងដែរ អំពីការរកប្រាក់ចំណូលជាង ៣៨ពាន់លានដុល្លារ នៅក្នុងត្រីមាសទី១ ប៉ុន្តែតួលេខនេះ បានធ្លាក់ចុះចំនួន ៤.៤ភាគរយ។ ក្រុមហ៊ុន Mercedes បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងត្រីមាសទី១ ការលក់រថយន្តបានធ្លាក់ចុះចំនួន ៨ភាគរយ មានត្រឹមចំនួន ៤៦៣.០០០គ្រឿង ខណៈដែលរថយន្តកូនកាត់ សាំង-អាគុយ លក់បានចំនួន ៤៧.៥០០គ្រឿង។ តួលេខនេះបានឆ្លុះបញ្ចាំងពីលទ្ធផលនៃការលក់រឹងមាំនៅក្នុងគ្រប់តំបន់ លើកលែងតែតំបន់អាស៊ី។

ក្រុមហ៊ុន Mercedes ក៏បានប្រកាសដែរថា ខ្លួននឹងមិនលក់បញ្ចុះតម្លៃសម្រាប់រថយន្តប្រណិតឡើយ ទោះបីជាប្រាក់ចំណេញប្រចាំត្រីមាសធ្លាក់ចុះក៏ដោយ។ បើតាមក្រុមហ៊ុន Mercedes ការលក់ធ្លាក់ចុះនេះ ក៏ដោយសារតែការពន្យារពេលនៃខ្សែសង្វាក់ផ្គត់ផ្គង់ ដែលខ្លួនកំពុងដោះស្រាយយ៉ាងសកម្ម។

សម្រាប់ពេលអនាគត ក្រុមហ៊ុន Mercedes នៅតែរក្សាទស្សនវិស័យវិជ្ជមានរបស់ខ្លួនមិនផ្លាស់ប្តូរ ជាមួយនឹងការរំពឹងទុកថា នៅត្រីមាសទី២ ការលក់រថយន្តនឹងកាន់តែល្អប្រសើរឡើង។ ប៉ុន្តែប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Mercedes លោក Harald Wilhelm ក៏បានអះអាងដែរថា ក្រុមហ៊ុនខ្លួននៅតែប្រុងប្រយ័ត្នចំពោះទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា