៣ខែដើមឆ្នាំ Volkswagen ចំណេញជាង ៤ពាន់លានដុល្លារ

ប៊ែរឡាំង៖ ក្រុមហ៊ុន Volkswagen បានប្រកាសថ្មីៗនេះថា ប្រាក់ចំណេញរបស់ខ្លួននៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួនជាង ៤ពាន់លានដុល្លារ ធ្លាក់ចុះជាង ២០ភាគរយ ខណៈដែលការលក់ក៏បានធ្លាក់ចុះផងដែរ ប៉ុន្តែរំពឹងថា រថយន្តម៉ូដែលថ្មីនឹងជួយជំរុញសន្ទុះលក់ឡើងវិញ។

ក្រុមហ៊ុនរថយន្តកំពូលរបស់អាល្លឺម៉ង់នេះ ទទួលបានប្រាក់ចំណេញសុទ្ធជាង ៤ពាន់លានដុល្លារ ដោយគិតចាប់ពីខែមករា ដល់ខែមីនា ការលក់មានទឹកប្រាក់ជាង ៨០ពាន់លានដុល្លារ។ ការលក់រថយន្តរបស់ក្រុមហ៊ុន Volkswagen បានធ្លាក់ចុះចំនួន ២ភាគរយនៅក្នុងត្រីមាសទីមួយឆ្នាំនេះ ទោះបីការលក់កើនឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាមេរិកខាងត្បូង ដែលជួយស្រោចស្រង់ការធ្លាក់ចុះនៅអឺរ៉ុប និងអាមេរិកខាងជើង។

ក្រុមហ៊ុន Volkswagen ក៏បានរាយការណ៍ពីការធ្លាក់ចុះការចែកចាយរថយន្តអគ្គិសនីនៅក្នុងត្រីមាសទី១ចំនួន ៣.៣ភាគរយផងដែរ។ ប៉ុន្តែ Volkswagen ជឿជាក់ថា ការធ្លាក់ចុះនេះ គឺគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ ហើយថា ការបញ្ជាទិញឡានអគ្គិសនីកំពុងកើនឡើងទ្វេដងនៅក្នុងត្រីមាសខាងមុខ។

ក្រុមហ៊ុន Volkswagen ក៏បានបញ្ជាក់អំពីទស្សនវិស័យដែលបានប្រកាសពីមុនរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤ផងដែរ ដោយប្រាក់ចំណូលពីការលក់រថយន្ត ត្រូវបានរំពឹងថា នឹងកើនឡើងរហូតដល់ ៥ភាគរយ។

ទន្ទឹមគ្នា Volkswagen ក៏សង្ឃឹមដែរថា ផែនការកាត់បន្ថយការចំណាយ និងជំរុញប្រាក់ចំណេញដែលធ្លាក់ចុះរបស់ខ្លួន នឹងទទួលបានផ្លែផ្កាក្នុងឆ្នាំ២០២៤ ខណៈក្រុមហ៊ុននេះមានផែនការកាត់បន្ថយកម្លាំងពលកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner