សេដ្ឋីនីឈ្មោះល្បី ស្រីតូច ចំណាន វិលចូលសិល្បៈ ផ្តល់ក្តីសង្ឃឹមថ្មីដល់វិស័យដែលរង្គោះរង្គើ
ភ្នំពេញ៖ នៅថ្ងៃនេះ សេដ្ឋីនីឈ្មោះល្បីល្បាញ លោកជំទាវ ស្រីតូច ចំណាន ដែលជាភរិយារបស់មហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង បានជាប់ឆ្នោតជាប្រធានសមាគមសិល្បៈករខ្មែរ។ ជ័យជម្នះនេះមិនត្រឹមតែជាការត្រឡប់ចូលសិល្បៈវិញរបស់អតីតតារាសម្តែងដ៏មានប្រជាប្រិយរូបនេះប៉ុណ្ណោះទេ តែជាក្តីសង្ឃឹមថ្មីរបស់សិល្បៈករ និងប្រជាជនជាច្រើនផងដែរ។ សង្ឃឹមដោយសារតែកន្លងមកវិស័យនេះត្រូវគេមើលឃើញថាមិនទាន់រឹងមាំ និងមានជម្លោះហែកហួរក្នុងចំណោមអ្នកសិល្បៈខ្លះ ដែលប៉ះពាល់ដល់សង្គម និងវប្បធម៌ខ្មែរ។
ភ្លាមៗក្រោយបានជ័យជម្នះឈ្នះដាច់លើបេក្ខជនពីររូបទៀត ជំទាវ ស្រីតូច ចំណាន ដែលជាអតីតពិធីការិនីជួរមុខកាលពីជិត២០ឆ្នាំមុន បានប្តេជ្ញាបង្រួមបង្រួមអ្នកសិល្បៈ និងលើកស្ទួយវិស័យនេះ។
« នាងខ្ញុំសូមសន្យា និង ប្រឹង ប្រែងឳ្យអស់ ពី សមត្ថភាព និងលទ្ធភាព ចំណេះជំនាញ ដែលនាងខ្ញុំ មាន នាងខ្ញុំ នឹង សហការជាមួយរៀមច្បង ថ្នាក់ដឹកនាំ បូក រួម គំនិត ច្នៃប្រឌិត ដឹកនាំ សមាគមសិល្បៈករ ខ្មែរ មាន ភាព ល្អ ប្រសើរទាន់សម័យ កាល និង រក្សា បាននូវ វប្បធម៌ ជានិរន្ត។នាងខ្ញុំស្នើសុំឲ្យ មាន ការ ប្រុងប្រយ័ត្ន ចំពោះ ការ បញ្ចេញ យោបល់ មតិ លើ ការ ប្រើ ប្រាស់ រួម គ្រប់រូប ភាព មិនសម រម្យ ដែល ប៉ះ ពាល់ ដល់ សេចក្តី ថ្លៃថ្នូរ និង ក្រម សិល្បៈ»។
ក្រៅពីការដោះស្រាយជម្លោះហែកកេរ្តិ៍គ្នាលើបណ្តាញសង្គម ដែលអ្នកតាមដានសង្គមយល់ថា ធ្វើឲ្យបាត់តម្លៃជាខ្មែរ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ជឿថា ប្រធានសមាគមថ្មីរូបនេះ អាច ជួយសិល្បៈករចាស់ៗ ដែល បាន បន្សល់ ទុក ស្នាដៃដល់ សិល្បៈ វប្បធម៌ខ្មែរ។
សិល្បៈករជើងចាស់ ដូចជា លោក នូ ស៊ីប លោក ស៊ូ សាវ៉ាង ហៅ ហ្វុយហ្សូ លោកស្រី ណយ សំណាងជាដើមបានប្រាប់ទូរទស្សន៍អប្សរាដូចគ្នាពីក្តីរំពឹងរបស់ពួកគេចំពោះ អ្នកដឹកនាំថ្មី។ ចំណែក តារាចម្រៀង ខាត់ សុឃីម វិញ ប្រាប់ថា អ្នកនាងនឹងរង់ចាំមើលលទ្ធផល។
លោកជំទាវ ស្រីតូច ចំណាន មានឈ្មោះពិតថា ម៉ៅ សុចំណាន មានអាយុ ៤១ឆ្នាំ។ លោកជំទាវបានរៀប អាពាពិពាហ៍ជាមួយអ្នកឧកញ៉ា គិត ម៉េងនៅឆ្នាំ ២០១៥ និងមាន កូនប្រុស ស្រីបួន នាក់។ លោក ជំទាវ ក៏ជា CEO របស់ធនាគារវីងផងដែរ៕
ដោយៈសែន ដាវិត


