អេមីរ៉ាត់ អារ៉ាប់រួម មានភ្លៀងធ្លាក់ខ្លាំង សារជាថ្មី

ឌុយបៃ៖ សាលារៀន ត្រូវបានផ្លាស់ប្តូរទៅជាការសិក្សា ពីចម្ងាយ ហើយការិយាល័យរដ្ឋជាច្រើន ត្រូវបានបិទទ្វារ នៅទូទាំងប្រទេសអេមីរ៉ាត់ អារ៉ាប់រួម កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលភ្លៀងធ្លាក់ខ្លាំង បានវិលត្រឡប់មកវាយប្រហារប្រទេសវាលខ្សាច់មួយនេះឡើងវិញ ក្នុងរយៈពេល ២សប្តាហ៍។

មជ្ឈមណ្ឌលជាតិឧតុនិយមបាននិយាយថា ព្យុះ ផ្គរ រន្ទះ ដែលមានខ្យល់ខ្លាំងបានបោកបក់ ពាសពេញប្រទេសសម្បូរប្រេងមួយនេះ ពេញមួយយប់ ដោយក្នុងនោះ កម្ពស់ទឹកភ្លៀង មានជាង៥០មីលីម៉ែត្រ។

អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិឧតុនិយម បាននិយាយថា ទឹកជំនន់មាននៅក្នុងផ្នែកខ្លះ នៃទីក្រុង មជ្ឈមណ្ឌលហិរញ្ញវត្ថុ ឌុយបៃ ហើយអាកាសយានដ្ឋានរបស់ទីក្រុងដែលជាកន្លែងហោះហើរមមាញឹកបំផុត ក្នុងពិភពលោក បានលុបចោលជើងហោះហើរយន្តហោះ ចំនួន ១៣លើក និង បង្វែរជើងហោះហើរ ចំនួន ៥លើក។

ក្រុមហ៊ុនអាកាសចរណ៍រដ្ឋ Emirates ដែលមានមូលដ្ឋាននៅទីក្រុងឌុយបៃ និងក្រុមហ៊ុនអាកាសចរណ៍បុត្រសម្ព័ន្ធ flydubai បានព្រមានអ្នកដំណើរ ពីការពន្យារពេលហោះហើរ ក្នុងពេលស្ថានភាពអាកាសធាតុមិនល្អបែបនេះ។

គួររម្លឹកថា កាលពីថ្ងៃទី១៦ ខែមេសា ភ្លៀងធ្លាក់ខ្លាំង ពុំមាន ក្នុងរយៈពេល៧០ នៅប្រទេសអេមីរ៉ាត់ អារ៉ាប់រួម បានបណ្តាលឲ្យស្លាប់មនុស្ស ចំនួន៤នាក់ បិទផ្លូវសំខាន់ៗ ជាច្រើនថ្ងៃ និងលុបចោលជើងយន្តហោះ ជាង២០០០លើក។

បណ្តាញឧតុនិយមពិភពលោក World Weather Attribution ដែលតែវាយតម្លៃពីការប្រែប្រួលអាកាសធាតុ បានរកឃើញថា ទឹកជំនន់នឹងមានស្ថានភាពតែធ្ងន់ធ្ងរឡើងៗ ដោយសារតែការឡើងកំដៅផែនដី ដែលបណ្តាលមកពីការដុត ឥន្ធនៈហ្វូស៊ីល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner