ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងអំពាវនាវឱ្យប្រុងប្រយ័ត្នអគ្គិភ័យ
កំពង់ឆ្នាំង:ស្នងការរងទទួលការងារបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយ័ត្នបង្កាគ្រោះអគ្គិភ័យដែលតែងកើតមាន ក្នុងរដូវក្តៅហួតហែងនេះ ។
ក្នុងឱកាសដឹកនាំ ក្រុមរថយន្តពន្លត់អគ្គិភ័យចំនួនប្រាំគ្រឿងទៅបាញ់ទឹកស្រោចស្រពសម្រន់កម្ដៅនៅវិទ្យាល័យព្រះបាទសុរាម្រិត នា កាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤
លោកស្នងការរង លុយ ឌីណា បានរំលឹកថា បងប្អូនអាជីវករ ប្រជាពលរដ្ឋ និងតាមបណ្តាសហគ្រាស សាលារៀន មុនពេលចាក
ចេញពីកន្លែង ត្រូវបិទចរន្តអគ្គិសនីឱ្យ
បានត្រឹមត្រូវ ។ ត្រូវពន្លត់ភ្លើង ចង្ក្រាន ភ្លើងទៀនធូប ជាដើម ដើម្បីជៀសវាងគ្រោះអគ្គិភ័យដែលតែងកើតឡើងជាយកថាហេតុ ។ ជាមួយគ្នានេះសូមបងប្អូនទិញបំពង់ពន្លត់អគ្គភ័យ ដាក់តាមផ្ទះ ឬតាមកន្លែងធ្វើការ ដើម្បីបង្ការសម្រាប់ការពន្លត់បន្ទាន់។
ចំណែក លោក សឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ដែរថាក្នុងរដូវក្តៅនេះតាមបណ្ដាសាលារៀន បានកាត់បន្ថយពេលសិក្សាខ្លះដែរ ទៅតាមកាលៈទេសៈ ដូចជាចូលរៀនម៉ោង ៧ ចេញ ម៉ោង៩:៣០ ឬម៉ោង ១០ ។ ពេល ល្ងាចចូលម៉ោង ២ ចេញម៉ោង ៤កន្លះ ឬម៉ោង៥ ទៅតាមកម្តៅ ហើយសាលារៀននីមួយៗ នាយកសាលាជាអ្នកសម្រេច ៕





ដោយ:សុខ គឹមសៀន