៧០ភាគរយនៃអ្នកកាសែតបរិស្ថានរងការគំរាមកំហែង និងសម្ពាធ

វ៉ាស៊ីនតោន៖ អង្គការ UNESCO បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អ្នកកាសែតបរិស្ថានចំនួន ៧០ភាគរយមកពីប្រទេសចំនួន១២៩ តាមរយៈការស្ទង់មតិកាលពីខែមីនា បានឱ្យដឹងថា បានជួបប្រទះការវាយប្រហារ, ការគំរាមកំហែង ឬសម្ពាធទាក់ទងនឹងការងាររបស់ពួកគេ។

ក្នុងចំណោមអ្នកកាសែតទាំងនោះ ២នាក់ក្នុងចំណោម៥នាក់ បានទទួលរងអំពើ ហិង្សាលើរាងកាយជាបន្តបន្ទាប់។ របរបាយការណ៍នេះចេញផ្សាយនាឱកាសទិវាសេរីភាព សារព័ត៌មាន ពិភពលោកឆ្នាំ២០២៤។ អ្នក យក ព័ត៌មាន ជាង ៩០០ នាក់ ត្រូវ បាន សាក សួរ សម្រាប់ ការស្ទង់មតិ នេះ។

អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNESCO បានព្រមានអំពីការកើនឡើងនៃអំពើហិង្សា និងការបំភិតបំភ័យដល់អ្នកសារព័ត៌មាន ដែលរាយការណ៍អំពីបរិស្ថាន និងអាកាសធាតុ។

អង្គការ UNESCO បាននិយាយថា អ្នកសារព័ត៌មានយ៉ាងហោចណាស់ ៧៤៩នាក់ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលរាយការណ៍អំពីបញ្ហាបរិស្ថាន ត្រូវបានកំណត់គោលដៅដោយឃាតកម្ម, អំពើហិង្សាលើរាងកាយ, ការឃុំខ្លួន និងការចាប់ខ្លួន, ការយាយីតាមអ៊ីនធឺណិត ឬការវាយប្រហារតាមផ្លូវច្បាប់នៅចន្លោះឆ្នាំ ២០០៩ និងឆ្នាំ ២០២៣។

ការវាយប្រហារច្រើនជាង ៣០០ករណី បានកើតឡើងនៅចន្លោះឆ្នាំ ២០១៩ និង ២០២៣ កើនឡើង ៤២ភាគរយក្នុងរយៈពេល ៥ឆ្នាំមុន នៅក្នុងប្រទេសចំនួន ៨៩ នៅគ្រប់តំបន់នៃពិភពលោក។ បើតាមរបាយការណ៍ដដែល យ៉ាងហោចណាស់អ្នកកាសែតបរិស្ថានចំនួន ៤៤នាក់ត្រូវបានសម្លាប់ដោយសារការងាររបស់ពួកគេក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ ដោយមានការផ្តន្ទាទោសត្រឹមតែ ៥ករណីប៉ុណ្ណោះ។

សេចក្តីថ្លែងការណ៍បាននិយាយថា នៅក្នុងសន្និសិទសេរីភាពសារព័ត៌មាននៅប្រទេសឈីលីក្នុងសប្តាហ៍នេះ អង្គការ UNESCO នឹងប្រកាសពីការចាប់ផ្តើមកម្មវិធីជំនួយ ដើម្បីផ្តល់ការគាំទ្រផ្នែកច្បាប់ និងបច្ចេកទេសដល់អ្នកសារព័ត៌មានបរិស្ថានជាង ៥០០នាក់ ដែលកំពុងប្រឈមនឹងការធ្វើទុក្ខបុកម្នេញ៕

ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner