វីតាល់ ផ្ដួចផ្ដើមរៀបចំទិវាឆ្មបជាតិ-អន្តរជាតិ ក្នុងអត្ថន័យលើកកម្ពស់វិជ្ជាជីវៈ និងដឹងគុណឆ្មប
ភ្នំពេញ៖ មូលនិធិ២៥រៀល របស់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) សហការជាមួយកាកបាទក្រហម ផ្ដួចផ្ដើមកម្មវិធីទិវាឆ្មបជាតិ-អន្តរជាតិ ក្រោមប្រធានបទ៖ “ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ” ដែលមានអ្នកចូលរួមប្រមាណ ១៥០នាក់ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក។

លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានថ្លែងពីអារម្មណ៍រំភើបរីករាយ ដែលបានសហការជាថ្មីជាមួយកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងការរៀបចំកម្មវិធីទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ដោយចូលរួមសាទរ និងសម្ដែងនូវការគោរពស្រឡាញ់ជូនឆ្មប រួមជាមួយការចែករំលែកការយល់ដឹង អំពីការថែទាំដ៏សំខាន់លើសុខភាពមាតា និងទារក ស្របនឹងបរិបទប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន និងផ្ដាំផ្ញើឱ្យស្ត្រីជាមាតាពិសាទឹកឱ្យបានច្រើន យ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ ដើម្បីរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ។ លោកជំទាវ ជឹង សុគន្ធាវី បន្តថា មូលបទសំខាន់មួយទៀត ដែលបន្តជំរុញឱ្យវីតាល់សហការផ្ដួចផ្ដើមរៀបចំកម្មវិធីនេះ ព្រោះវីតាល់ជឿថា ការផ្តល់ជូនទៅដល់សង្គម គឺជាការបង្កើតឱ្យមានវប្បធម៌ នៃការចែករំលែក ដែលវិស័យឯកជន គួរតែធ្វើតាមរយៈការផ្តល់ជំនួយ និងចូលរួមចំណែកលើកិច្ចការសង្គមផ្សេងៗទោះក្នុងរូបភាពណាក៏ដោយ។

លោកជំទាវអគ្គនាយិកបន្ថែមថា វីតាល់ ដែលមានមូលនិធិ២៥រៀល បានតាំងចិត្តក្នុងការបន្តគាំទ្រ និងបង្កើតឱ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមក្នុងកិច្ចការងារសង្គមឱ្យកាន់តែទូលំទូលាយ ពិសេសលើសុខុមាលភាពសង្គម ដែលមានសុខភាពមាតា ទារក និងកុមារ។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បាននាំយកប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះប្រជាពលរដ្ឋទាំងអស់ និងជាពិសេសឆ្មប ដែលកំពុងបំពេញតួនាទីយ៉ាងមមាញឹក ក្នុងការថែទាំ ពិនិត្យ និងប្រឹក្សាជូនស្ត្រីមានផ្ទៃពោះ និងណែនាំឱ្យស្ត្រីជាមាតា មានការយកចិត្តទុកដាក់ខ្ពស់ គិតគូរពីសុខុមាលភាពរបស់ខ្លួនផងដែរ។

លោកជំទាវបានថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ក្រុមគ្រូពេទ្យ ឆ្មប ដែលបានផ្តល់ទីកន្លែងសម្រាប់រៀបចំពិធី និងជួយសម្របសម្រួលផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋយ៉ាងសកម្ម ជាពិសេសថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះគណៈគ្រប់គ្រងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ដែលបានរួមចំណែកយ៉ាងធំធេងជារឿយៗ ជាមួយកាកបាទក្រហមកម្ពុជា ជាក់ស្ដែងក្នុងការរៀបចំទិវាឆ្មបជាតិ-អន្តរជាតិ ២០២៤ លើកនេះក៏ដូចជាការរៀបចំកម្មវិធីក្នុងសង្គមផ្សេងៗជាច្រើនទៀតផងដែរ។

សូមជម្រាបថា វីតាល់ ជាក្រុមហ៊ុនវិស័យឯកជនគម្រូដែលមានមូលនិធិ ២៥រៀល ជានិច្ចកាល បន្តរក្សាមូលដ្ឋាននៃការប្រើប្រាស់មូលធនដល់ការបង្កើតគម្រោងថ្មីៗ ជាពិសេសលើកិច្ចការងារសុខុមាលភាពសង្គមនៃវិស័យសុខាភិបាល។ រាល់ការជាវទឹកពិសាវីតាល់១ដប លោកអ្នកបានចូលរួមចំណែកបរិច្ចាគចំនួន២៥រៀល ទៅក្នុងកិច្ចការសង្គមនានារបស់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់)៕ អត្ថបទ៖ ឈឹម ទីណា



