ដើមឆ្នាំ! ការលក់ Iphone ធ្លាក់ចុះ ជាង៥ពាន់លានដុល្លារ  

ក្រុមហ៊ុន Silicon Valley មានមូលដ្ឋាននៅអាមេរិកបានប្រកាស ក្នុងពេលបីខែដំបូង នៃឆ្នាំ២០២៤ ការលក់ទូរស័ព្ទឆ្លាតវៃ Iphone បានធ្លាក់ចុះ ១០ភាគរយ ឬ ស្មើនឹង ៥.៦ពាន់លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលបីខែដំបូង នៃឆ្នាំ២០២៣។
 
ប្រភពព័ត៌មានបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា ចំណូលពីការលក់ Iphone ក្នុងត្រីមាសដំបូង នៃឆ្នាំ២០២៤ មាន៤៥.៧ពាន់លានដុល្លារអាមេរិក បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ដែលមានរហូតដល់ ៥១.៣ពាន់លានដុល្លារអាមេរិក។
 
លោក Jacob Bourne អ្នកវិភាគប្រចាំក្រុមហ៊ុនស្រាវជ្រាវទីផ្សា ឌីជីថល Emarketer បាននិយាយថា ឆ្នាំ២០២៤ គឺជាឆ្នាំដ៏លំបាកមួយសម្រាប់ក្រុមហ៊ុន Apple ដោយ Apple នឹងលែងក្លាយជាអ្នកផ្គត់ផ្គង់ស្មាតហ្វូនកំពូល នៅលើពិភពលោក ទៀតឡើយ។ លោកបានញ្ជាក់ថា ការធ្លាក់ចុះតម្រូវការ iPhone នៅក្នុងប្រទេសចិន ជាមូលហេតុចម្បង ដែលនាំឱ្យប្រាក់ចំណូល ពីការលក់ Iphone ធ្លាក់ចុះ។
 
មូលហេតុសំខាន់មួយទៀត គឺការប្រកួតប្រជែង ខ្លាំងជាមួយ Smart Phone របស់ចិន ក្នុងនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ថ្មីៗនេះ បានរាយការណ៍ថា ប្រាក់ចំណេញពីការលក់ស្មាតហ្វូន នៅត្រីមាសទីមួយ ដែលកើនឡើងប្រមាណ ៥ដង បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ ចំណែក ក្រុមហ៊ុន Samsung ទទួលបានតំណែងជាអ្នកលក់ស្មាតហ្វូនកំពូល ទូទាំងពិភពលោក នៅក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៤ នេះបើយោងតាមអ្នកតាមដានឧស្សាហកម្ម International Data Corporation ។
 
យ៉ាងណាមិញ លោក Tim Cook នាយកប្រតិបត្តិរបស់ Apple បាននិយាយថា លោកនៅតែមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះទីផ្សាប្រទេសចិន ដោយកត់សម្គាល់ថា iPhone នៅតែដាក់ដាច់ខ្លាំងជាងគេ នៅក្នុងតំបន់ជាយទីក្រុង ហើយ ក្រុមហ៊ុន Apple ទើបបានបើកហាងថ្មី នៅទីក្រុងសៀងហៃ កាលពីខែមីនា ដោយលោកចាត់ទុកថា គឺការវិវឌ្ឍដ៏អស្ចារ្យ ហើយ លោកគិតថា ទីផ្សាចិននៅតែល្អ ក្នុងរយៈពេលវែង៕
 
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner