ក្រុមហាស់បញ្ជូនប្រតិភូទៅអេហ្ស៊ីប ក្នុងបំណងសម្រេចឱ្យបានបទឈប់បាញ់

ប៉ាឡេស្ទីន: ក្រុមហាម៉ាស់និយាយថា គណៈប្រតិភូរបស់ខ្លួននឹងធ្វើដំណើរទៅកាន់ទីក្រុងគែរ នៅថ្ងៃសៅរ៍នេះ ដើម្បីបន្តកិច្ចចរចាលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា ជាមួយនឹង “ស្មារតីវិជ្ជមាន” ក្នុងការបញ្ឈប់សង្គ្រាមជិត ៧ខែជាមួយអ៊ីស្រាអែល។

អ្នកសម្រុះសម្រួលបរទេសកំពុងរង់ចាំការឆ្លើយតបរបស់ក្រុមហាម៉ាស់ ចំពោះសំណើបញ្ឈប់ការប្រយុទ្ធគ្នារយៈពេល ៤០ថ្ងៃ និងការផ្លាស់ប្តូរចំណាប់ខ្មាំង ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន។

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃសុក្រថា យើងសង្កត់ធ្ងន់លើស្មារតីវិជ្ជមាន ដែលថ្នាក់ដឹកនាំក្រុមហាម៉ាសបានដោះស្រាយ ជាមួយនឹងសំណើបទឈប់បាញ់ដែលខ្លួនបានទទួលនាពេលថ្មីៗនេះ ហើយយើងនឹងទៅកាន់ទីក្រុងគែរ ក្នុងស្មារតីដូចគ្នា ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា យើងនៅក្នុងក្រុមហាម៉ាស និងកងកម្លាំងតស៊ូប៉ាឡេស្ទីន ប្តេជ្ញាសម្រេចបាននូវកិច្ចព្រមព្រៀងដែលបំពេញការទាមទាររបស់ប្រជាជនរបស់យើងសម្រាប់ការបញ្ឈប់ទាំងស្រុង នៃការឈ្លានពាន, ការដកកងកម្លាំងសត្រូវ, ការវិលត្រឡប់នៃជនភៀសខ្លួន, ការផ្តល់ជំនួយសង្គ្រោះ និងការកសាងឡើងវិញ រួមទាំងកិច្ចព្រមព្រៀងជាច្រើនទៀត។

បទឈប់បាញ់បានបរាជ័យ ខណៈដែលក្រុមហាម៉ាស់បានទាមទារបទឈប់បាញ់យូរអង្វែង ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថា នឹងកម្ទេចក្រុមយុទ្ធជនហាម៉ាស់ ដែលនៅសេសសល់នៅក្នុងទីក្រុង Rafah ភាគខាងត្បូងឆ្ងាយ ដែលពោរពេញទៅដោយជនស៊ីវិលភៀសខ្លួន។

លោក ណេតាន់យ៉ាហ៊ូ និយាយថា លោកនឹងបញ្ជូនកងទ័ពជើងគោកចូលទៅក្នុងទីក្រុង Rafah បើទោះបីជាមានការព្រួយបារម្ភយ៉ាងខ្លាំង ពីទីភ្នាក់ងារអង្គការសហប្រជាជាតិ និងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ចំពោះសុវត្ថិភាពរបស់ជនស៊ីវិល ១.២លាននាក់នៅក្នុងទីក្រុងនេះក៏ដោយ។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ក៏បានចោទប្រកាន់លោក ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃសុក្រដែរថា បានព្យាយាមបង្អាក់កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា ដែលបានស្នើឡើង និងការដោះលែងចំណាប់ខ្មាំង ជាមួយនឹងការគំរាមកំហែងរបស់គាត់ ក្នុងការបន្តប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធ៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner