Tiktok និង Universal ព្រមព្រៀងបញ្ចប់ជម្លោះរឿងអាជ្ញាប័ណ្ណតន្រ្តី

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន TikTok និង Universal កាលពីពេលថ្មីៗនេះ បានប្រកាសពីកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណថ្មីមួយ ដើម្បីបញ្ចប់ជម្លោះរយៈពេលជាច្រើនខែ ក្រោយតន្ត្រីដ៏ពេញនិយមរបស់ Universal ត្រូវបានដកចេញពីវេទិការបស់ Tiktok។

ក្រុមហ៊ុនទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយថា កិច្ចព្រមព្រៀងថ្មីផ្តល់អាជ្ញាប័ណ្ណនេះ ក្នុងនោះមានដូចជាការផ្តល់ប្រាក់សម្រាប់សិល្បៈករ និងអ្នកនិពន្ធបទចម្រៀង ដែលស្ថិតក្រោមក្រុមហ៊ុន Universal Music Group (UMG) រួមទាំងការព្រួយបារម្ភជុំវិញការរីកចម្រើន នៃមាតិកាដែលបង្កើតដោយ AI នៅលើ TikTok ផងដែរ។

ប្រធានក្រុមហ៊ុន Universal លោក Sir Lucian Grainge បាននិយាយថា ជំពូកថ្មីនៅក្នុងទំនាក់ទំនងរបស់យើង នឹងជំរុញឱ្យមានការច្នៃប្រឌិតថ្មីជាមួយការចូលរួមរបស់អ្នកគាំទ្រ និងជំរុញការបង្កើតប្រាក់ចំណូលតាមតន្ត្រីសង្គម។ លោកបន្ថែមថា កិច្ចព្រមព្រៀងនេះដែរ ក៏នឹងផ្តោតលើតម្លៃតន្ត្រី, ភាពសំខាន់នៃសិល្បៈរបស់មនុស្ស និងសុខុមាលភាពនៃសហគមន៍ច្នៃប្រឌិត។

រីឯនាយកប្រតិបត្តិ TikTok លោក Shou Chew បាននិយាយស្រដៀងគ្នាដែរថា យើងប្តេជ្ញាធ្វើការរួមគ្នា ដើម្បីជំរុញការផ្សព្វផ្សាយស្នាដៃ និងតម្លៃរបស់សិល្បៈករ ព្រមទាំងអ្នកនិពន្ធបទចម្រៀងដ៏អស្ចារ្យទាំងអស់របស់ UMG និងធ្វើឱ្យសមត្ថភាពរបស់ពួកគេកាន់តែរីកចម្រើន មានការផ្សារភ្ជាប់ និងចូលរួមជាមួយសហគមន៍ TikTok។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ក្រុមហ៊ុនទាំងពីរក៏បានអះអាងដែរថា ពួកគេបាននឹងកំពុងធ្វើការយ៉ាងដុតដៃដុតជើង ដើម្បីដាក់បញ្ចូលតន្ត្រីសិល្បៈករ ដែលតំណាងដោយក្រុមហ៊ុន Universal Music Group និងអ្នកនិពន្ធបទចម្រៀងដែលតំណាងដោយ Universal Music Publishing Group ចូលទៅកាន់កម្មវិធី TikTok ឡើងវិញក្នុងពេលឆាប់ៗនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner