យាន Starliner របស់ Boeing គ្រោងបញ្ជូនអវកាសយានិកទៅកាន់ស្ថានីយ ISS ជាលើកដំបូង

វ៉ាស៊ីនតោន៖ យាន Starliner របស់ក្រុមហ៊ុន Boeing នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ គ្រោងបាញ់បង្ហោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) នៅក្នុងបេសកកម្មបញ្ជូនអវកាសយានិកជាលើកដំបូងទៅកាន់ទីអវកាស។

យានអវកាស Starliner របស់ក្រុមហ៊ុន Boeing បាននឹងកំពុងត្រៀមខ្លួនហោះឡើងទៅកាន់ទីអវកាស ជាមួយនឹងអវកាសយានិករបស់អង្គការ NASA ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ជាលើកដំបូង នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ។ ប្រធានអង្គការ NASA លោក Bill Nelson បាននិយាយថា នេះគឺជាយានអវកាសស្អាត… ហើយវាត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបាញ់បង្ហោះ ។

អវកាសយានិករបស់ NASA លោក Butch Wilmore និងនាង Suni Williams នឹងជិះនៅលើយាន Starliner ដែលគ្រោងនឹងបាញ់បង្ហោះចេញពីទីតាំង Cape Canaveral រដ្ឋផ្លរីដា នៅម៉ោង ១០និង៣៤នាទីយប់ថ្ងៃចន្ទ (ម៉ោងក្នុងតំបន់)។ យាន Starliner នឹងត្រូវបញ្ជូនទៅកាន់ទីអវកាស ដោយរ៉ុក្កែត Atlas V ដែលផលិតដោយក្រុមហ៊ុន United Launch Alliance ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Boeing-Lockheed Martin។

ចំពោះយានអវកាស Boeing លោក Wilmore បាននិយាយថា អ្វីគ្រប់យ៉ាងគឺថ្មី… អ្វីគ្រប់យ៉ាងគឺពិសេស… ខ្ញុំមិនធ្លាប់ស្រម៉ៃថា យើងទាំងពីរនាក់នឹងមានឱកាសហោះហើរលើកដំបូង នៅក្នុងយានអវកាសដ៏ថ្មីសន្លាងនេះនោះទេ។
បើតាមការគ្រោងទុក យាន Starliner នឹងធ្វើដំណើរទៅដល់ស្ថានីយអវកាសអន្តរជាតិ (ISS) នៅម៉ោងប្រហែល ៥ល្ងាច (ម៉ោងក្នុងតំបន់) នៅថ្ងៃពុធសប្តាហ៍ក្រោយ ហើយអវកាសយានិកនឹងបន្តស្នាក់នៅទីនោះរយៈពេលជាងមួយសប្តាហ៍។

ការធ្វើតេស្តនេះដែរ ធ្វើឡើងដើម្បីត្រួតពិនិត្យមើលថាតើយានអវកាសនេះ អាចដំណើរការបានត្រឹមត្រូវដែរឬអត់? ហើយបន្ទាប់មកអវកាសយានិក Williams និង Wilmore នឹងជិះយាននេះវិលត្រឡប់មកកាន់ផែនដីវិញ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner