ផ្លូវថ្មើរជើងវែងបំផុតនៅភ្នំពេញ ចាប់ផ្តើមសាងសង់នៅខែឧសភានេ

ភ្នំពេញៈនៅខែឧសភានេះ ការសាងសង់ផ្លូវថ្មើរជើងដែលមានប្រវែងវែងបំផុតនៅរាជធានីភ្នំពេញនឹងចាប់ផ្តើម។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ទូរទស្សន៍អប្សរានៅថ្ងៃសុក្រនេះថា ផ្លូវថ្មើរជើងនេះមាន៣ទីតាំងស្ថិតនៅក្នុងខណ្ឌដូនពេញ ហើយបើគិតជាផ្ទៃដីគឺមានទំហំ ៥៧ហិកតា ដែលលោកចាត់ទុកថាធំជាងគេក្នុងក្រុង។

ផ្លូវថ្មើរជើងទី១ មានទីតាំងនៅមុខអាគារប្រៃសណីយ៍មរតកជំនាន់បារំាង ដែលនៅមិនឆ្ងាយប៉ុន្មានពីរមណីយដ្ឋានវត្តភ្នំ។ ផ្លូវសម្រាប់ដើរនេះគ្រោងនឹងរៀបចំលើផ្ទៃដីទំហំជាង ៣ហិកតា លាតសន្ធឹងពីផ្លូវលេខ ៩៤ ដល់ វិថីព្រះសីសុវត្ថិ។ អមផ្លូវដើរនេះ ក៏មានវិថីអាហារ និងហាងទំនិញផងដែរ។

ផ្លូវថ្មើរជើងនៅតំបន់ទី២ដែលនឹងសាងសង់ក្នុងពេលដំណាលគ្នាដែរនោះមានទំហំជាង ២០ហិចតា ដោយខាងជើងជាប់ផ្លូវ ១០៦ ភ្ជាប់ទៅដល់វិថីព្រះស៊ីសុវត្ថិភាគខាងកើត។ ផ្លូវដើរនេះត្រូវកំណត់ជាគោលដៅសម្រាប់ តំបន់ pop street ស្រដៀងគ្នានឹងនៅខេត្តសៀមរាប។

ចំណែកតំបន់ទី៣វិញ មិនត្រឹមតែជាផ្លូវសម្រាប់ថ្មើរជើងប៉ុណ្ណោះទេ តែនឹងត្រូវរៀបចំជាតំបន់លំហែ មានកន្លែងអង្គុយស្រូបយកខ្យល់អាកាស។ ផ្លូវនេះមានទំហំជាផ្ទៃដីធំជាងគេដល់ទៅ៣៤ហិចតា ដោយមានព្រំប្រទល់ខាងជើងជាប់ផ្លូវលេខ ១៨៤ ខាងត្បូងជាប់មហាវិថីព្រះសីហនុ ខាងលិចជាប់ផ្លូវលេខ ០៧ និងខាងកើតជាប់វិថីព្រះស៊ីសុវត្ថិ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា តំបន់ទាំង៣នេះរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឡើងឱ្យមានសោភណ្ឌភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្ន។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិយាយថា ដំណើរការសាងសង់នឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២៤នេះ ដើម្បីឲ្យភ្ញៀវជាតិ អន្តរជាតិចូលទិញទំនិញ និងកំសាន្តសប្បាយ នាឳកាសចូលឆ្នាំសកល។ តំបន់ទាំង៣ នឹងបើកឲ្យប្រជាជនដើរហាត់ប្រាណ និងបរិភោគអាហារ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។ ប៉ុន្តែ ឯកឧត្តម ឃួង សេ្រង មិនបានបញ្ជាក់ទេថា គ្រោងចំណាយថវិកាប៉ុន្មានសម្រាប់ការសាងសង់និងរៀបចំ និងថាតើគម្រោងនេះនឹងមានផលប៉ះពាល់ដែរឬទេទៅលើបរិស្ថាន និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងតំបន់។
យ៉ាងណាក៏ដោយ ផែនការនេះគឺស្របគ្នានឹងគម្រោងរបស់ក្រសួងសាធារណ ការនិងដឹកជញ្ជូន និងក្រសួងដែនដី និងនគរូបនីយកម្ម ដែលគ្រោងដឹកនាំរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរាជធានីភ្នំពេញឲ្យមានសោភណភាព និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដែលរួមមានទាំងការដាំដើមឈើនៅតាមដងផ្លូវផងដែរ។
លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានលើកឡើងថា រាជធានីភ្នំពេញត្រូវការដើមឈើច្រើនដើម្បីផ្តល់ម្លប់ ខ្យល់ឧកហ្ស៊ី និងទាញទឹកភ្លៀង។ បន្ថែមពីលើនេះ ក្រុងនេះត្រូវការសួនសាធារណៈធំៗដែលអាចឲ្យប្រជាជនជ្រក សម្រាក ហើយលោកថា ការឡើងកម្តៅនាពេលនេះ ជាសារក្រើនរំលឹកពីតម្រូវការបន្ទាន់ក្នុងការរៀបចំទីក្រុងឡើងវិញ៕
 ដោយៈសែន ដាវិត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner