ថៃ៖ មនុស្សស្លាប់ព្រោះរលកកម្តៅ កើនដល់ជិត ៤០នាក់

បាងកក៖ ក្រសួងសុខាភិបាលថៃបានអះអាង កាលពីថ្ងៃអាទិត្យថា មនុស្សស្លាប់ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល ព្រោះតែរលកកម្តៅខ្លាំង បានកើនដល់ ៣៨នាក់ហើយ។

មន្ត្រីជាន់ខ្ពស់សុខាភិបាល វេជ្ជបណ្ឌិត Atthapol Kaewsamrit បាននិយាយថា មនុស្សស្លាប់ភាគច្រើន ស្ថិតនៅភាគឦសាន នៃប្រទេសថៃ ដោយរាប់ចាប់តាំងពីថ្ងៃទី២២ ខែកុម្ភៈ។ បន្ទាប់មក គឺមាននៅតំបន់ភាគកណ្តាល និងភាគខាងកើត ហើយការស្លាប់ភាគច្រើន កើតឡើងចំពោះកម្មករដែលធ្វើការនៅខាងក្រៅ ,មនុស្សចាស់, អ្នកដែលមានជំងឺ ព្រមទាំង ក្រុមអ្នកផឹកស្រាច្រើន ជាប្រចាំ។

មន្ត្រីរូបនេះបាននិយាយទៀតថា រហូតដល់ថ្ងៃចន្ទនេះ រលកកម្តៅនឹងបន្តវាយប្រហាររាជធានី-ខេត្តចំនួន ១២ រួមមានទាំងក្រុងបាងកក ផងដែរ។

វេជ្ជបណ្ឌិត Atthapol Kaewsamrit ក៏បានណែនាំឲ្យប្រជាពលរដ្ឋថៃ គួរចៀសវាងការប៉ះពាល់ ពន្លឺព្រះអាទិត្យយូរ និងចៀសវាងការផឹកគ្រឿងស្រវឹង។ អ្នកនៅតាមខេត្តដែលរងគ្រោះដោយរលកកម្ដៅ ត្រូវបានណែនាំឱ្យស្លៀកសម្លៀកបំពាក់ស្តើងៗ ឬស្រាលៗ និងផឹកទឹក ឱ្យបានច្រើន៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner