ជប៉ុនចាត់ទុកការស្តារស្រីលង្កា គឺជាស្ថិរភាពក្នុងតំបន់

កូឡុំបូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនបាននិយាយ បន្ទាប់ពីជួបជាមួយសមភាគីស្រីលង្កាថា ការស្តារស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា ដែលស្ថិតនៅទីតាំងយុទ្ធសាស្ត្រ ក្នុងមហាសមុទ្រឥណ្ឌា គឺចាំបាច់ សម្រាប់ស្ថិរភាព និងវិបុលភាព នៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទាំងមូល។

អំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសៅរ៍ លោកស្រី Yoko Kamikawa បាននិយាយថា ទីក្រុងតូក្យូចាត់ទុកការស្ទុះងើបសេដ្ឋកិច្ចរបស់កូឡុំបូថា មានសារៈសំខាន់ ខណៈដែលប្រទេសជាកោះមួយនេះ ស្ថិតនៅចំណុចកណ្តាលតាមបណ្តោយផ្លូវដឹកជញ្ជូនអន្តរជាតិ ខាងកើត-ខាងលិច។

លោកស្រីបានបន្ថែមទៀតថា ស្រីលង្កា គួរតែធានាបាននូវកិច្ចព្រមព្រៀង ជាមួយអ្នកផ្តល់ប្រាក់កម្ចី និងម្ចាស់ប័ណ្ណបំណុលអន្តរជាតិ ដើម្បីដោះសោការផ្តល់មូលនិធិបរទេស ដែលត្រូវបានផ្អាក។

លោកស្រីបានគូសបញ្ជាក់ថា «ប្រទេសជប៉ុននៅតែមានឆន្ទៈ ក្នុងការគាំទ្របន្ថែមទៀត ដល់ការអភិវឌ្ឍន៍របស់ស្រីលង្កា ដោយបន្តគម្រោងកម្ចីប្រាក់ ដែលមានស្រាប់»។

ស្រីលង្កា ដែលខកខានមិនបានសងបំណុលរាប់សិបពាន់លានដុល្លារ សង្ឃឹមថា សម្រេចកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុលបរទេស កាលពីខែមេសា ប៉ុន្តែ មិនទាន់មាន នៅឡើយទេ មកទល់ពេលនេះ។

ស្រីលង្កាជួបបញ្ហាសូម្បីតែការបង់ថ្លៃ លើការនាំចូលទំនិញដ៏សំខាន់បំផុត នៅឆ្នាំ២០២២ ដែលនាំឱ្យមានការខ្វះខាតអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ ជាខ្លាំង។ ប្រធានាធិបតីមុន ប្រឈមមុខនឹងការចោទប្រកាន់ពីការគ្រប់គ្រងមិនត្រឹមត្រូវ និងអំពើពុករលួយ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីប្រទេស ហើយលាលែងពីតំណែង នៅខែកក្កដា ឆ្នាំ ២០២២ បន្ទាប់ពីមានការតវ៉ា ជាច្រើនខែ។ ប្រធានាធិបតីថ្មី បានដំឡើងពន្ធ កាត់បន្ថយការឧបត្ថម្ភធន និងកំពុងអនុវត្តកំណែទម្រង់សេដ្ឋកិច្ច ស្របតាមថវិកាសង្គ្រោះរបស់ទីភ្នាក់ងាររូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner