ឥណ្ឌូនេស៊ី៖ ស្លាប់មនុស្ស ៣៤នាក់ ព្រោះទឹកជំនន់ និងលំហូកម្អែរភ្នំភ្លើង

ហ្សាកាតា៖ ទឹកជំនន់ភ្លាមៗ ឬ Flash Flood និងលំហូកម្អែរត្រជាក់ ចេញពីភ្នំភ្លើង បានវាយប្រហារខេត្តស៊ូម៉ាត្រាខាងលិច បណ្តាលឲ្យស្លាប់មនុស្ស ចំនួន៣៤នាក់ ហើយមនុស្ស ជិត២០នាក់ផ្សេងទៀត រងរបួស ព្រមទាំង ជាង១០នាក់ ផ្សេងទៀត បាត់ខ្លួន កាលពីចុងសប្តាហ៍។

អាជ្ញាធរបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង បានបណ្តាលឱ្យមានទឹកជំនន់ នៅក្នុងស្រុក Agam និង Tanah Datar នៃខេត្តស៊ូម៉ាត្រាខាងលិច កាលពីល្ងាចថ្ងៃសៅរ៍ ហើយក៏មានការសាយភាយផេះ និងថ្មធំៗ និងកម្អែ ចេញពីភ្នំភ្លើង Marapi ដែលជាភ្នំភ្លើងសកម្មបំផុត នៅលើខេត្តប្រជុំកោះស៊ូម៉ាត្រា ហើយបានបំផ្លិចបំផ្លាញផ្ទះ ផ្លូវថ្នល់ និង វិហារអ៊ីស្លាម ជាច្រើនកន្លែង គំរាមកំហែងដល់មនុស្សរាប់ពាន់នាក់។

ស្ត្រីមេផ្ទះ ឈ្មោះ Rina Devina បានប្រាប់ AFP ថា «ខ្ញុំបានឮសំឡេងផ្គរលាន់ និងសំឡេងស្រដៀងនឹងទឹកពុះ វាគឺជាសំឡេង នៃដុំថ្មធំ ៗ ដែលធ្លាក់ចុះមក»។

ឥណ្ឌូណេស៊ីជាប្រទេសដែលងាយនឹងមានការបាក់ដី និងទឹកជំនន់ ក្នុងរដូវវស្សា។ កាលពីខែមីនា មនុស្សយ៉ាងតិច ២៦នាក់បានស្លាប់ បន្ទាប់ពីមានការរអិលបាក់ដី និងទឹកជំនន់ នៅកោះស៊ូម៉ាត្រា ភាគខាងលិច មួយនេះ។ អ្នកធ្វើយុទ្ធនាការការពារបរិស្ថានបានបន្ទោស លើការកាប់បំផ្លាញព្រៃឈើ ដែលបណ្តាលឱ្យមានគ្រោះមហន្តរាយ កាន់តែអាក្រក់ទៅៗ។

រីឯ ភ្នំភ្លើង Marapi នៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក៏មានការផ្ទុះ ជាញឹកញាប់ដែរ។ ជាក់ស្តែង កាលពីខែធ្នូ ឆ្នាំមុន វាបានផ្ទុះ បញ្ចេញផេះភ្នំភ្លើងទៅលើមេឃ កម្ពស់ប្រហែល ៣ពាន់ម៉ែត្រ ដែលខ្ពស់ជាង កម្ពស់ភ្នំភ្លើង ទៅទៀត។ នៅពេលនោះ មនុស្ស យ៉ាងតិច ២៤នាក់បានស្លាប់ ដែលសុទ្ធតែជាអ្នកឡើងភ្នំ ហើយ ភាគច្រើន គឺជានិស្សិតរៀននៅសាកលវិទ្យាល័យ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner