លោក ពូទីន ផ្លាស់ប្តូរតំណែងប្រមុខការពារជាតិរុស្ស៊ី

មូស្គូ៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃអាទិត្យសប្តាហ៍មុន បានតែងតាំងលោក Andrei Belousov ជារដ្ឋមន្ត្រីការពារជាតិថ្មីជំនួសលោក Sergei Shoigu ដែលនេះជាការរុះរើគណៈរដ្ឋមន្ត្រីដ៏សំខាន់បំផុតមួយ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីជាង ២ឆ្នាំមកនេះ។

ការរុះរើគណៈរដ្ឋមន្ត្រីរុស្ស៉ីនេះ ធ្វើឡើងចំពេលដែលលោក ពូទីន ចាប់ផ្ដើមអាណត្តិទី៥ របស់គាត់ ក្នុងនាមជាប្រធានាធិបតីរុស្ស៊ី ស្របទៅនឹងច្បាប់រុស្ស៉ីដែលចែងថា គណៈរដ្ឋមន្ត្រីចាស់ទាំងមូលនឹងត្រូវរំលាយចោល កាលពីថ្ងៃអង្គារសប្ដាហ៍មុន ក្រោយលោក ពូទីន ស្បថចូលកាន់តំណែងជាផ្លូវការ។ បេក្ខភាពជារដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរបស់លោក Andrei Belousov មានអាយុ ៦៥ឆ្នាំ ដែលធ្លាប់ជាឧបនាយករដ្ឋមន្ត្រីម្នាក់ជំនាញខាងសេដ្ឋកិច្ច នឹងត្រូវឆ្លងកាត់ការអនុម័តពីសភាជាន់ខ្ពស់រុស្ស៉ី។ លោក Sergei Shoigu មានអាយុ ៦៨ឆ្នាំ ត្រូវបានលោក ពូទីន តែងតាំងជារដ្ឋមន្ត្រីការពារជាតិរុស្ស៉ីក្នុងឆ្នាំ២០១២។

ហើយនៅក្នុងក្រឹត្យមួយរបស់លោក ពូទីន លោក Shoigu ត្រូវបានតែងតាំងជាលេខាធិការនៃក្រុមប្រឹក្សាសនិ្តសុខជាតិរុស្ស៉ី ជំនួស លោក Nikolai Patrushev។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ហេតុផលនៅពីក្រោយរឿងនេះ គឺបញ្ហាសេដ្ឋកិច្ច។ ស្របពេលដែលថវិកាយោធារុស្ស៊ី ត្រូវចំណាយច្រើនក្នុងល្បឿនយ៉ាងឆាប់រហ័ស វាពិតជាមានសារៈសំខាន់បំផុត ដែលត្រូវដាក់បញ្ចូលអ្នកខ្លាំងខាងសេដ្ឋកិច្ចយោធា ឲ្យចូលទៅដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ។ បើតាមលោក Peskov ថវិកាយោធារុស្ស៊ី បានកើនឡើងពី ៣ភាគរយ ទៅ ៦.៧ភាគរយ នៃផលិតផលក្នុងស្រុកសរុបថ្នាក់ជាតិ គិតចាប់តាំងពីជម្លោះអ៊ុយក្រែនផ្ទុះឡើង។

រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក Grant Shapps បានបញ្ជាក់ថា សង្គ្រាមអ៊ុយក្រែនបានបណ្តាលឱ្យទាហានរុស្ស៊ីច្រើនជាង ៣៥៥,០០០នាក់បាត់បង់ជីវិត ស្ថិតក្រោមការដឹកនាំរបស់លោក Shoigu៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner