វិស័យផលិតកម្មឥណ្ឌូនេស៊ីបន្តរីកចំរើន ទោះបីសកម្មភាពផលិតកម្មពិភពលោកធ្លាក់ចុះ
ហ្សាការតា៖ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក Airlangga Hartarto បានប្រាប់ទីភ្នាក់ងារព័ត៌មានឥណ្ឌូនេស៊ី ANTARA នាពេលថ្មីៗនេះថា វិស័យផលិតកម្មរបស់ប្រទេសឥណ្ឌូនេស៊ីនៅតែបន្តរីកចំរើន ទោះបីជាសកម្មភាពផលិតកម្មពិភពលោកធ្លាក់ចុះក៏ដោយ។
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក Airlangga Hartarto បាននិយាយថា ពិន្ទុនៃសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ផ្នែកផលិតកម្មរបស់ប្រទេសឥណ្ឌូនេស៊ី នៅតែឈរនៅតួលេខ ៥២.៩ ល្អជាងប្រទេសចិន ឈរនៅតួលេខ ៥១.៤ និងម៉ាឡេស៊ី ឈរនៅតួលេខ ៤៩ ។
លោក Hartarto បានកត់សម្គាល់ថា និន្នាការវិជ្ជមានដែលឥណ្ឌូនេស៊ីទទួលបាន ក៏គួបផ្សំជាមួយនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេស ដែលត្រូវបានកត់ត្រាក្នុងអត្រា ៥.១១ភាគរយនៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤។
បើតាមលោក Hartarto ការរីកចម្រើនជាវិជ្ជមាននៃសេដ្ឋកិច្ចឥណ្ឌូនេស៊ី ក៏បាននាំឱ្យអត្រាអ្នកមានការងារធ្វើនៅក្នុងឆ្នាំនេះ កើនឡើងចំនួន ៣.៥លាននាក់ផងដែរ ហើយចំនួនសរុបកើនដល់ជាង ១៤២លាននាក់។ រីឯចំនួនអ្នកគ្មានការងារធ្វើមានចំនួន ៧.២លាននាក់ ធ្លាក់ចុះ ៨០០,០០០នាក់ បើធៀបនឹងតួលេខដែលបានចុះបញ្ជីនៅចុងឆ្នាំ២០២៣៕

ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា