លោក Elon Musk ចាយជាង ៥០០លានដុល្លារ ដំឡើងឧបករណ៍សាកថ្មល្បឿនលឿនថ្មីសម្រាប់ឡាន Tesla

វ៉ាស៊ីនតោន៖ ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសថ្មីៗនេះថា ក្រុមហ៊ុនផលិតឡានអគ្គិសនីរបស់គាត់ នឹងបោះទុនវិនិយោគច្រើនជាង ៥០០លានដុល្លារនៅឆ្នាំ២០២៤នេះ ដើម្បីដំឡើងឧបករណ៍សាកថ្មល្បឿនលឿនថ្មី។

លោក Elon Musk បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា Tesla នឹងចំណាយប្រាក់លើសពី ៥០០លានដុល្លារ ក្នុងការពង្រីកបណ្តាញសាកថ្មល្បឿនលឿន (Supercharger) របស់យើង ដើម្បីបង្កើតឧបករណ៍សាកថ្មថ្មីរាប់ពាន់ទីតាំងក្នុងឆ្នាំ២០២៤នេះ។ លោក Musk បន្ថែមថា ការវិនិយោគនេះ នៅពុំទាន់រាប់បញ្ចូលការចំណាយផ្នែកប្រតិបត្តិការ ដែលមានតម្លៃខ្ពស់ជាងនេះនៅឡើយទេ។

ទន្ទឹមនឹងការប្រកាសនេះដែរ ក្រុមហ៊ុន Tesla កំពុងចាត់វិធានការកាត់បន្ថយបុគ្គលិកនៅនាយកដ្ឋានតម្លើងឧបករណ៍សាកថ្មល្បឿនលឿនរបស់ខ្លួន ដែលគ្រោងនឹងបញ្ឈប់បុគ្គលិកជាង ៥០០នាក់ រួមទាំងនាយកជាន់ខ្ពស់ នេះបើតាមសារព័ត៌មាន The Information ចេញផ្សាយនៅថ្ងៃចន្ទទី១៣ ខែឧសភា។

សេចក្តីរាយការណ៍ពីការបញ្ឈប់បុគ្គលិកនេះ កើតឡើងភ្លាមៗបន្ទាប់ពីក្រុមហ៊ុន Tesla បានរាយការណ៍ពីការធ្លាក់ចុះរហូតដល់ ៥៥ភាគរយនៃប្រាក់ចំណូលប្រចាំត្រីមាសនៅត្រឹម ១.១ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងពីការលក់ឡានអគ្គិសនីរបស់ខ្លួនធ្លាក់ចុះខ្លាំង។ ជុំវិញបញ្ហានេះដែរ ក៏បានចោទជាសំណួរ អំពីផែនការអភិវឌ្ឍន៍នាពេលអនាគត នៃការតម្លើងបណ្តាញសាកថ្មឡានអគ្គិសនីល្បឿនលឿនជាង ៥០,០០០ទីតាំងរបស់ក្រុមហ៊ុន Tesla ផងដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ដៃគូប្រកួតប្រជែងជាច្រើនមានដូចជា Ford, General Motors និង Rivian បានចាប់ដៃគូជាមួយ Tesla ដូច្នេះរថយន្តរបស់ពួកគេអាចប្រើប្រាស់បណ្តាញសាកថ្មល្បឿនលឿនរបស់ខ្លួននៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ ប៉ុន្តែប៉ុន្មានសប្តាហ៍ក្រោយមក ក្រុមហ៊ុនផលិតរថយន្តធំៗចំនួន៧ មានដូចជា BMW, General Motors, Honda, Hyundai, Kia, Mercedes-Benz និង Stellantis បានប្រកាសពីការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយ ដើម្បីដំឡើងទីតាំងសាកថ្មល្បឿនលឿនសម្រាប់ឡានអគ្គិសនីចាប់ពីរដូវក្តៅឆ្នាំនេះ ដែលយ៉ាងហោចណាស់មានចំនួន ៣០,០០០ទីតាំង នៅអាមេរិកខាងជើង ហើយទីតាំងទាំងនោះអាចចូលប្រើបានគ្រប់ឡានអគ្គិសនី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner