នាយករដ្ឋមន្រ្តីចិន៖ ទីក្រុងប៉េកាំង នឹងលុបចោលការដាក់កំហិតមួយចំនួនលើការវិនិយោគ ពីបរទេសនៅឆ្នាំ២០២០
ចិន៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងលុបចោលការដាក់កំហិតលើភាពជាម្ចាស់កម្មសិទ្ធិមូលបត្រ សម្រាប់អ្នកវិនិយោគបរទេសនៅឆ្នាំ២០២០ខាងមុខ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង នៅថ្ងៃអង្គារនេះ។
ថ្លែងនៅក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុងដាលៀន ភាគឦសានប្រទេស នាយករដ្ឋមន្ត្រីចិនរូបនេះបានថ្លែងថា រដ្ឋាភិបាលនឹងជួយជំរុញកំណើនវិស័យផលិតកម្ម ក្នុងនោះរួមមានទាំងឧស្សាហកម្មរថយន្ដ ព្រមទាំងបន្ធូរបន្ថយផងដែរនូវការដាក់កំហិតមួយចំនួនធំ សម្រាប់វិស័យជាច្រើនទៀតនាពេលអនាគត ដើម្បីកាត់បន្ថយភាពអវិជ្ជមានក្នុងការវិនិយោគរបស់បរទេសនៅចិន។
ទន្ទឹមគ្នានេះ លោក លី ខឺជំាង ក៏បានលើកឡើងផងដែរ អំពីការធ្វើសកម្មភាពលើកកម្ពស់ទៅលើវិស័យនាំចូល និងសេវាកម្ម ខណៈចិនបានកំណត់គោលដៅសម្រេចឲ្យបាននូវកំណើនផលិតផលសម្រេចក្នុងស្រុកសរុប GDP ក្នុងរង្វង់៦ទៅ៦,៥ភាគរយសម្រាប់ឆ្នាំ២០១៩នេះ ដោយចិននៅតែជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដទៃទៀត ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សបំផុតនៅលើពិភពលោក៕ធ.ដ