ឯកឧត្ដមរដ្ឋមន្ត្រី អ៊ាង សុផល្លែត៖ កម្ពុជាត្រូវការថវិកាប្រមាណ ៧ពាន់លានដុល្លារ លើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ ៖ ដើម្បីធ្វើកាងារទៅលើការសន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុគ្រប់វិស័យ ទាំងអស់ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាប្រមាណជាង៧ប៊ីលានដុល្លារអាមេរិក ក្នុងនោះចំនួន២ពាន់លានដុល្លារ សម្រាប់កម្មវិធីបន្ស៊ាំ និងចំនួន៥,៨ពាន់លានដុល្លារ សម្រាប់កម្មវិធីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់(GHG) ដូចបានកំណត់ក្នុងគោលដៅកាត់បន្ថយឱ្យបានក្នុងរង្វង់៤២ភាគរយ នៅត្រឹមឆ្នាំ២០៣០។

ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងកាន់តែខ្លាំងឡើងចំពោះសុខុមាលភាពនិងភពផែនដី រួមមាន៖រលកកំដៅ ភ្លៀងធ្លាក់ខ្លាំង និងគ្រោះរាំងស្ងួតកាន់តែញឹកញាប់។ ដូច្នេះ អ្វីដែលយើងត្រូវធ្វើនៅកម្រិតពិភពលោក គឺការអនុវត្តវិធានការកាត់បន្ថយ និងការសម្របខ្លួន ការកសាងភាពធន់របស់សហគមន៍ងាយរងគ្រោះប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការធ្វើឱ្យមានវឌ្ឍនភាពល្អ លើការប្តេជ្ញាចិត្តហិរញ្ញប្បទានអាកាសធាតុ១០០ពាន់លានដុល្លារ ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍។

នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងវេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុ ឆ្នាំ២០២៤ ដែលបាននិងកំពុងធ្វើឡើងនៅក្នុងរាជធានីភ្នំពេញពីថ្ងៃទី១៦-១៧ ខែឧសភា ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហការ និងសាមគ្គីភាពដ៏រឹងមាំ ក្នុងចំណោមក្រសួងពាក់ព័ន្ធ វិស័យសាធារណៈ និងឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាសកល។

ឯកឧត្តម រដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជាជាប្រទេសងាយរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុនេះ ដោយតាមរយៈការកើនឡើងសីតុណ្ហភាព ត្រូវបានព្យាករថា នឹងកាត់បន្ថយផលិតភាពក្នុងវិស័យកសិកម្ម នេសាទ និងព្រៃឈើ និងកាត់បន្ថយផលិតភាពការងារនៅលើវិស័យច្រើនទៀត។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអះអាងពីការដាក់ចេញផែនការរបស់ប្រទេសកម្ពុជា ក្នុងការរក្សាគម្របព្រៃឈើឲ្យបាន ៦០% ត្រឹមឆ្នាំ ២០៥០។ នៅត្រឹមឆ្នាំ ២០៥០ កម្ពុជាមិនត្រឹមដាក់ផែនការជាប្រទេសអព្យាក្រឹតកាបូន គឺនឹងរក្សាឲ្យមានគម្របព្រៃឈើឲ្យបាន ៦០%។ ជាមួយបច្ចុប្បន្នភាពនៃការដាំដើមឈើមួយលានដើម គឺមិនគ្រប់គ្រាន់នោះទេ។ ការខិតខំទាំងនេះដើម្បីបម្រើប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ ដែលនឹងចងចាំអ្វីដែលយើងបានធ្វើ បន្សល់ជាកេរតំណែល។

យោងតាមការព្យាករណ៍អាកាសធាតុរបស់ធនាគារពិភពលោក បង្ហាញថា ហានិភ័យទឹកជំនន់ និងសម្ពាធកម្តៅនៅក្នុងប្រទេសកម្ពុជា នឹងមានសភាពកាន់តែអាក្រក់នាពេលអនាគត ។ ប្រសិនបើគ្មានវិធានការបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់សមស្របទេ បម្រែបម្រួលអាកាសធាតុអាចនឹងធ្វើឱ្យកម្ពុជាខាតបង់ផលិតផលក្នុងស្រុកសរុបអស់៩ភាគរយ គិតត្រឹមឆ្នាំ២០៥០ និងធ្វើឱ្យអត្រាភាពក្រីក្រកើនឡើង៦ភាគរយពិន្ទុ គិតត្រឹមឆ្នាំ២០៤០៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner