ក្រសួងមហាផ្ទៃធ្វើខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិ (Video Inside)
ក្រសួងមហាផ្ទៃ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។
លោក ស សុខា ដែលជាឧបនាយករដ្ឋមន្ត្រី បានថ្លែងថា «ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា គឺជាទិវារំឭកនូវថ្ងៃចាប់បដិសន្ធិ នៃកងកម្លាំងនគរបាលជាតិ ដែលជាអង្គប្រតិបត្តិច្បាប់» ក្រោមស្នាព្រះហស្ថរបស់ព្រះមហាវីរក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា បានថ្លែងក្នុងឱកាសនោះណែនាំអំពីកិច្ចការដែលត្រូវបន្ត ចូលរួមក្នុងនោះរួមមាន៖
១.ត្រូវបន្តថែរក្សាសុខសុវត្ថិភាព សន្តិភាព សេ្ថរភាព នយោបាយក្នុង សង្គមជាតិ។
២.ត្រូវបន្តថែរក្សាកេរ្តិ៍ដំណែលរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងគោលដៅពង្រីកនូវគុណភាព ដែលសម្រេចបាន ក្នុងរយៈពេលកន្លងមក
និង៣. សូមឱ្យថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទាំងអស់ មានក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ក្នុងគោលដៅ ដើម្បីសម្រេចបានភាពសុខដុមរមនាក្នុងសង្គម ដោយត្រូវធ្វើជាអ្នកបម្រើប្រជាពលរដ្ឋ និងមិនមែនជាម្ចាស់ប្រជាពលរដ្ឋ បញ្ជាស្រេចតែនឹងចិត្តនោះទេ។
អភិសន្តិបណ្ឌិត ស សុខា បានបំពាក់គ្រឿងឥស្សរិយយស បំពាក់លើទង់ទាំង៨ របស់ស្ថាប័ន ចំណុះក្រសួងមហាផ្ទៃ រួមមានអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ, បណ្ឌិត្យសភានគរបាលកម្ពុជា, អគ្គលេខាធិការដ្ឋាន, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អគ្គាធិការដ្ឋាន និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃ ក្នុងដែលបានខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ ធ្វើឲ្យការងារសម្រេចបានប្រកបដោយមោទនភាពខ្ពស់។