សមាគមបាល់ទាត់វិទ្យាល័យឬស្សីកែវ គ្រងជើងឯក ការប្រកួតកីឡាបាល់ទាត់យុវជនក្រោមអាយុ ១៨ឆ្នាំជ្រើសរើសជើងឯករាជធានីភ្នំពេញ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទាត់យុវជនក្រោមអាយុ ១៨ឆ្នាំជ្រើសរើសជើងឯករាជធានីភ្នំពេញ ដែលដំណើរការប្រកួតអស់រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៤ បានបញ្ចប់ការប្រកួតហើយ ដោយសមាគមកីឡាបាល់ទាត់វិទ្យាល័យឬស្សីកែវ ដណ្តើមបានជ័យលាភីលេខ១ គ្រងដំណែងជើងឯករាជធានីភ្នំពេញប្រចាំឆ្នាំ២០២៤ ដោយយកឈ្នះសមាគមវិទ្យាល័យជាស៊ីមសាមគ្គីនៅវគ្គផ្តាច់ព្រ័ត្រ នាព្រឹកថ្ងៃទី១៧ ខែ ឧសភា នៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក។

លោក ស្រេង សេង ប្រធានការិយាល័យកីឡានៃមន្ទីរអបរំយុវជននិងកីឡារាជធានីភ្នំពេញ បានឱ្យដឹងថា ការប្រកួតនេះមានរយៈពេល៧ថ្ងៃ ដោយមានសមាគមវិទ្យាល័យចូលរួមចំនួនមានដូចជា ក្រុមវិទ្យាល័យ ឫស្សីកែវ វិទ្យាល័យជាស៊ីមសាមគ្គី, ទ្យាល័យជាស៊ីមជ្រោយចង្វារ និងវិទ្យាល័យសុវណ្ណភូមិសាខាស្ទឹងមានជ័យ។ហើយការប្រកួតនេះ បានរៀបចំឡើងដោយមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ ដើម្បីចំរាញ់ជ្រើសរើសយុវជនឆ្នើមវិទ្យាល័យត្រៀមជើងឯកទូទាំងប្រទេសដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡានាពេលខាងមុខ។

លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានលើកឡើងថា ការហាត់ និងលេងកីឡា ជាកត្តាចាំបាច់ ដែលនាំមកនូវការស្គាល់ យល់គ្នា និងស្រឡាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឱ្យសង្គមជាតិយើងមានការឯកភាព និងសាមគ្គីភាពដ៏រឹងមាំ ក្នុងការកសាង និងការពារជាតិយើងចាប់ពីយុវជនតទៅ។ ជាមួយគ្នានេះ ក៏ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡា ស្របតាមមុំមួយនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលកំពុងឈានឆ្ពោះទៅរកកម្រិតមួយឱ្យស្រប និងការវិវត្តន៍ និងរីកចម្រើនរបស់ប្រទេសជាតិ។ ទន្ទឹមគ្នានេះដែរ កម្ពុជាកំពុងត្រៀមខ្លួនជាស្រេច ក្នុងការបណ្តុះបណ្តាលថ្នាល ដើម្បីសម្រិតសម្រាំងកីឡាករ កីឡាការិនី ត្រៀមទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ខាងមុខផងដែរ។

លោក អ៊ុក ចន្ថា សង្កត់ធ្ងន់ថា ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពការងារឆ្លើយតបតាមបរិបទនៃការរីកចម្រើនរបស់សង្គមជាតិយើង យើងទាំងអស់គ្នា ត្រូវបង្កើនសកម្មភាពឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីពិនិត្យនិងកែលម្អលើគ្រប់ទិដ្ឋភាព ពិសេសការងារដឹកនាំ គ្រប់គ្រងតាមវិស័យ ដោយផ្សារភ្ជាប់ជាមួយភាពយុត្តិធម៌ និងសមធម៌ខាងស្មារតី ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយផ្អែកលើការអភិវឌ្ឍន៍នេះ មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញកំពុងដំណើរការតាមផែនការយុទ្ធសាស្ត្រកំណែរទម្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ដោយឡែកការងារអប់រំកាយ និងកីឡាក៏កំពុងជំរុញការអនុវត្តកាលវិភាគនៅតាមគ្រឹះស្ថានសាធារណ: ឯកជន និងកែសម្រួលមេរៀនឱ្យ ស្របទៅនឹងស្តង់ដា សាលារៀនគំរូ ក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។

អនុប្រធានមន្ទីរក៏បានលើកទឹកចិត្តដល់កីឡាករ ដែលទទួលបាន និងមិនទទួលបានជ័យលាភីទាំងអស់ត្រូវយកចិត្ត ទុកដាក់បន្តបង្កើនសមត្ថភាព និងបន្តហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតថ្នាក់ជាតិ ក្នុងកម្មវិធីផ្សេងៗរបស់សហព័ន្ធកីឡាជាតិ នាពេលខាងមុខ ដើម្បីបន្តការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ឱ្យរីកចម្រើន។

គួរបញ្ជក់ថា ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមវិទ្យាល័យ ឫស្សីកែវ, លេខ២ វិទ្យាល័យជាស៊ីមសាមគ្គី, លេខ៣ វិទ្យាល័យជាស៊ីមជ្រោយចង្វារ និងលេខ៣ស្ទួន បនទៅលើក្រុមវិទ្យាល័យសុវណ្ណភូមិសាខាស្ទឹងមានជ័យ។ ការប្រកួតបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំជើងឯករាជធានីភ្នំពេញបានដំណើរការប្រកួតពីថ្ងៃទី១៣-១៧ ខែឧសភា ឆ្នាំ២០២៤ ដោយក្រុមវិទ្យាល័យចំនួន៦បានចូលរួម ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner