គ្រឿងញៀនតម្លៃជិត៥លានដុល្លារ ត្រូវបានដុតបំផ្លាញចោលនៅខេត្តស្ទឹងត្រែង ក្នុងទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានជំរុញឲ្យកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាមន្រ្តីមានសមត្ថកិច្ចទាំងអស់ក្នុងមូលដ្ឋាន ដែលពាក់ព័ន្ធ ឲ្យយកចិត្តទុកដាក់ រឹតបន្តឹងក្នុងការបង្ការ និងបង្រ្កាបក៏ដូចជាទប់ស្កាត់នូវរាល់បទល្មើសគ្រឿងញៀន នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ប្រសាសន៍ជំរុញនេះ ឯកឧត្តមធ្វើឡើងក្នុងគ្រាដែលមានប្រារព្ធពិធីទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតបំផ្លាញចោលវត្ថុតាងគ្រឿងញៀននៅខេត្តស្ទឹងត្រែង នាឱកាសព្រឹកថ្ងៃទី២កក្កដានេះ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា គ្រឿងញៀន មានតម្លៃខ្ទង់លានដុល្លារត្រូវបានដុតបំផ្លាញចោល ក្រោយពេលសមត្ថកិច្ចធ្វើការបង្រ្កាប និងរឹបអូសបាននាពេលកន្លងមក។ ឯកឧត្តមបន្តថា ពួកឧក្រិដ្ឋជនបានយកប្រទេសកម្ពុជា ធ្វើជាកន្លែងឆ្លងកាត់ក្នុងការជួញដូរគ្រឿងញៀន ជាពិសេសខេត្តស្ទឹងត្រែង វាស្ថិតនៅជាប់ និងតំបន់ផលិតគ្រឿងញៀន ដូច្នេះហើយ បានជាធ្វើឲ្យប្រទេសកម្ពុជាយើង រងនូវការគំរាមកំហែងក្នុងការចរាចរណ៍ក៏ដូចជាប្រើប្រាស់គ្រឿងញៀន។
ម៉្យាងទៀត នាពេលកន្លងមក ពួកឧក្រិដ្ឋជនមិនត្រឹមតែចរាចរណ៍គ្រឿងញៀនប៉ុណ្ណោះទេ គឺថែមទាំងយកប្រទេសកម្ពុជាយើង ធ្វើជាកន្លែងផលិតគ្រឿងញៀនទៀតផង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ខិតខំប្រឹងប្រែង ប្តូរផ្តាច់ក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបរាល់បទល្មើសដែលពាក់ព័ន្ធនិងគ្រឿងញៀន ។ ជាក់ស្តែងក្នុងថ្ងៃ២៦មិថុនាកន្លងទៅនេះ រាជរដ្ឋាភិបាល បានរួមគ្នា ប្រារព្ធពិធីទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព»។
សូមបញ្ជាក់ផងដែរថា វត្ថុតាងដែលត្រូវបានដុតបំផ្លាញចោលចំពោះមុខអង្គពិធីនាពេលនេះ រួមមាន៖ ប្រភេទមេតំហ្វេតាមីន ឬម៉ាទឹកកកទម្ងន់១៧៦គីឡូក្រាម និង៥៧៩ក្រាម និង៣៨កញ្ចប់តូច ប្រភេទមេតំហ្វេតាមីនគ្រាប់ ឬយ៉ាម៉ា មានចំនួន១៨៣២១គ្រាប់ និងទម្ងន់៩៧៤,៨៦ក្រាម ប្រភេទកេតាមីនចំនួន១០គីឡូក្រាម និង៨១៤ក្រាម ផងដែរ៕ធ.ដ