ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រណែនាំសិក្ខាកាមគ្រូបង្វឹកទាំងអស់ផ្តើមអនុវត្តអ្វីដែលបានរៀនសូត្រចែករំលែកតាមសាលារៀន

អត្ថបទដោយ៖
ជាវ ចន្ធូ

(ខេត្តកណ្តាល)៖ ឯកឧត្តម បណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានណែនាំឱ្យសិក្ខាកាមដែលជាគ្រូបង្វឹកនិងគ្រូអប់រំកាយទាំងអស់ ដែលទទួលបានការបណ្តុះបណ្តាលពីវគ្គគ្រូបង្វឹក និងអាជ្ញាកណ្តាកីឡាទាញព្រ័ត្រថ្នាក់ជាតិ លើកទី២ នាំយកចំណេះជំនាញទៅអនុវត្តចែករំលែកដល់យុវជនជាសិស្សានសិស្សនៅតាមសាលារៀន ដើម្បីជាការអភិវឌ្ឍនិងពង្រឹងសក្កានុពលកីឡាទាញព្រ័ត្រកម្ពុជា។

ការលើកឡើងរបស់ប្រធានសហព័ន្ធបានធ្វើឡើងនៅក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលកីឡាទាញព្រ័ត្រថ្នាក់ជាតិលើកទី២ នាល្ងាច ថ្ងៃទី១៧ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល ។

ឯកឧត្តម បានគូសបញ្ជាក់ថា ចំណេះជំនាញកីឡាទាញព្រ័ត្រ ដែលបានបណ្តុះបណ្តាលនៅវគ្គនេះ ពិតជាបានផ្តល់ជូនពុទ្ធិច្រើនណាស់ សម្រាប់ជំនាញគ្រូបង្វឹក ជំនាញអាជ្ញាកណ្តាល និង ជំនាញរៀបចំគ្រប់គ្រងការប្រកួត។ ដូច្នោះហើយ ការចែករំលែកបន្តគ្នាពីគ្រូៗវានឹងពង្រីកបាននូវធនធានមនុស្សជាច្រើន ដែលជំរុញឱ្យកីឡាទាញព្រ័ត្រនៅកម្ពុជាមានសក្កានុពល និងមានប្រជាប្រិយភាពដូចកីឡាសក្កានុពលផ្សេងៗដែរ។

ឯកឧត្តម ប្រធាន សហព័ន្ធ ក៏បង្ហាញនូវការតាំងចិត្តខ្ពស់ក្នុងការនាំយកកីឡាទាញព្រ័ត្រចូលរួមនៅក្នុងជើងឯកអាស៊ីអាគ្នេយ៏ ហើយ ក៏នឹងត្រៀមខ្លួនក្នុងការបណ្តុះធនធានយុវជន ដែលជាការត្រៀមខ្លួនមួយ សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៩ ប្រសិនបើកីឡាទាញព្រ័ត្រត្រូវបានបញ្ចូល។

លោក សូ ឆាត អគ្គលេខាធិការ សហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី បានវាយតម្លៃថា វគ្គបណ្តុះបណ្តាលនេះ មេរៀនទាំងអស់ សុទ្ធសឹងជាមូលរដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍកីឡាទាញព្រ័ត្រឈានទៅរកសក្កានុពល ។ ព្រោះថា នៅក្នុងមេរៀនដែលពួកយើងបានចែករំលែកទៅកាន់គ្រូៗដែលជាសិក្ខាកាម គឺជាមេរៀន នៅក្នុងផែនការអភិវឌ្ឍរបស់សហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី ។ លោកថា មេរៀនសំខាន់នៅក្នុងវគ្គនេះមាន៣ ទី១ ជំនាញគណៈកម្មការបច្ចេកទេស ទី២ ជំនាញគ្រូបង្វឹក និង ទី៣ ជំនាញគ្រប់គ្រងការប្រកួត។ មានន័យថា មុខវិជ្ជាមេរៀនទាំង៣នេះ គ្រូៗអាចប្រើប្រាស់ក្នុងផែនកាអភិវឌ្ឍសម្រាប់បង្ហាត់កីឡាករកីឡាការិនីឱ្យក្លាយជាធនធានសក្កានុពល។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកនិងអាជ្ញាកណ្តាលកីឡាទាញព្រ័ត្រថ្នាក់ជាតិលើកទី២ រៀបចំដោយសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាមានរយៈពេល៥ថ្ងៃ មានសិក្ខាកាមចូលរួម៤៣នាក់ បង្ហាត់បង្រៀន ដោយគ្រូឧទ្ទេស២រូប មកពីប្រទេសថៃ ដែលសហព័ន្ធកីឡាទាញព្រ័ត្រអាស៊ីបញ្ជូនមក៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner