ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា៖ ដោយសារមានស្ថិរភាព ក្រុមហ៊ុនជប៉ុនបានដាក់វិនិយោគយ៉ាងច្រើននៅកម្ពុជា
ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) បានបញ្ជាក់ថា ដោយសារមានស្ថិរភាព ក្រុមហ៊ុនជប៉ុនបានដាក់វិនិយោគយ៉ាងច្រើននៅកម្ពុជា។ ឯកឧត្តម បានអរគុណសម្ដេចតេជោ ដែលបានទទួលជួបតំណាងក្រុមហ៊ុនតូយ៉ូតា ក្រោយពីការសម្ពោធរោងចក្រដំឡើងផ្គុំឡានតូយ៉ូតានៅកម្ពុជា។ កម្ពុជាកំពុងដើរលឿនជាងជប៉ុននៅក្នុងវិស័យឌីជីថល។ ការបញ្ជាក់នេះ ក្នុងពិធីពិសាអាហារថ្ងៃត្រង់ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅនិវេសនដ្ឋានទូតជប៉ុន រាជធានីភ្នំពេញ។

ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ក៏បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញនៅកម្ពុជា គឺមានការប្រើ QR កូដ សម្រាប់បង់លុយ ហើយកម្ពុជាសម្រេចបានសមិទ្ធផលយ៉ាងច្រើននៅក្នុងវិស័យឌីជីថល។ ដំណើរការប្រើប្រាស់ឌីជីថលនៅក្នុងសេដ្ឋកិច្ចសង្គម មានសារៈសំខាន់ណាស់ ហើយយុទ្ធសាស្ត្រឌីជីថល ក៏មានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលផងដែរ។ ជំនួយរបស់ជប៉ុននៅក្នុងវិស័យនេះ គឺមានការប្រែប្រួល។ របៀបផ្តល់ជំនួយថ្មីរបស់ជប៉ុន គឺថាអ្នកទទួលជំនួយនិងអ្នកផ្តល់ ត្រូវជួបគ្នាមុនសម្រេច។ ជប៉ុន បានផ្តល់ជំនួយដល់ការបង្កើតមជ្ឍមណ្ឌលទិន្នន័យជាតិ ដល់ គ.ជ.ប។ ជប៉ុន មានបំណង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទៅក្នុងវិស័យឌីជីថលបន្ថែមទៀត។ ជប៉ុននឹងចូលរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជានៅក្នុងវិស័យឌីជីថល។ យុវជនកម្ពុជាខិតខំប្រឹងរៀនយ៉ាងខ្លាំង ពូកែភាសាអង់គ្លេស និងនាំមុខខាងបច្ចេកវិទ្យា។ នៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពី “ពិភពលោកមួយដែលគ្មានមីន” ។ នៅក្នុងក្របខ័ណ្ឌនេះ កម្ពុជានិងជប៉ុននិងសហការគ្នាលើការបណ្តុះបណ្តាលអ្នកដោះមីន ផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឺទ្ធសភា




