សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្ត ទាក់ទងនឹងសង្រ្គាម និងសន្តិភាពរបស់ប្រទេស
ភ្នំពេញ៖ កម្ពុជា មានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្ត ទាក់ទងនឹងសង្រ្គាម និងសន្តិភាពរបស់ប្រទេស ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសន្និ សីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃ «ទិវាជាតិនៃការចងចាំ» ខណៈសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ខែឧសភា ឆ្នាំ២០២៤ ។
សម្ដេចធិបតី បានថ្លែងថា កម្ពុជា ត្រូវមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្ត ព្រោះអនាគតរបស់ប្រទេសមួយ ពឹងផ្អែកលើឆន្ទៈរបស់ប្រទេសនោះ ក្នុងការប្រឈមមុខជាមួយនឹងអតីតកាល ប៉ុន្តែដើម្បីធ្វើបែបនោះបាន លុះត្រាតែប្រជាជាតិនោះ មានការឯកភាពគ្នាលើការបកស្រាយអំពីអតីតកាល និងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗ ដែលទាក់ទងនឹងសង្រ្គាម និងសន្តិភាពរបស់ប្រទេស ។
សម្តេចធិបតី បានបញ្ជាក់ថា សម្រាប់កម្ពុជា ប្រវត្តិសាស្រ្តទាក់ទងនឹងថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងការសម្រេចបាននូវសន្តិភាពពេញលេញទាំងស្រុងតាមរយៈនយោបាយឈ្នះឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលមានសម្តេចតេជោជាស្ថានិក ជាមគ្គុទេសក៍ឯក ត្រូវតែមានការបកស្រាយតែមួយនិងរឹងមាំ ដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗ ក្នុងបំណងកេងចំណេញនយោបាយ ដោយបំពានលើយុត្តិធម៌របស់ជនរងគ្រោះពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាទៅលើកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្រួបបង្រួមជាតិរបស់យើង ។
សម្ដេចធិបតី ក៏បានលើកឡើងដែរថា ការចងចាំនូវប្រវត្តិសាស្រ្តពិតប្រាកដ មិនមែនដើម្បីចាំនូវអំពើអាក្រក់នៃភាពខ្មៅងងឹតនៃប្រវត្តិសាស្រ្តនោះទេ ប៉ុន្តែដើម្បីឱ្យយើងចាំ និងដឹងពីអ្វីដែលត្រូវជៀសវាងដើម្បីកុំឱ្យប្រទេសយើងធ្លាក់ក្នុងសង្រ្គាមសាជាថ្មីម្ដងទៀត និងដើម្បីអនុញ្ញាតឲ្យបទពិសោធន៍ដ៏លំបាកនេះ អាចរួមចំណែក ក្នុងការការពារកាន់តែប្រសើរឡើងទៅអនាគត ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ពិតណាស់ តុលាការនៃអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជាបានកាត់ទោសមេដឹកនាំនៃរបបខ្មែរក្រហមទាំងនោះរួចហើយ កាលពីឆ្នាំ១៩៧៩ ក៏ប៉ុន្តែការស្វែងរកយុត្តិធម៌ដែលមានការទទួលស្គាល់ជាអន្តរជាតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាព ក្នុងការបង្កើតប្រវត្តិសាស្រ្តរួម នៃអំពើប្រល័យពូជសាសន៍ សម្រាប់ទាំងអស់គ្នា ដោយមិនប្រកាន់និន្នាការនយោបាយ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ






