ប្រមុខការទូតអាល្លឺម៉ង់ ៖ អ៊ុយក្រែនត្រូវការប្រព័ន្ធការពារដែនអាកាសបន្ថែមជាបន្ទាន់

ប៊ែរឡាំង៖ អ្នកការទូតកំពូលរបស់ប្រទេសអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃអង្គារថា អ៊ុយក្រែនត្រូវការជំរុញការការពារដែនអាកាសរបស់ខ្លួនជាបន្ទាន់ ដើម្បីប្រឈមមុខនឹងការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អានណាឡេណា ប៊ែរបក់ បាននិយាយថា ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនកាន់តែយ៉ាប់យ៉ឺនជាងមុន ចំពេលមានការវាយប្រហារតាមអាកាសដ៏ធំរបស់រុស្ស៊ី ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការវាយលុករបស់រុស្ស៊ីយ៉ាងព្រៃផ្សៃនៅក្នុងតំបន់ Kharkiv។

ប្រមុខការទូតអាល្លឺម៉ង់បានអះអាងបែបនេះ នៅពេលលោកស្រីធ្វើដំណើរមកដល់ទីក្រុងកៀវតាមរថភ្លើង ដែលនេះជាដំណើរទស្សនកិច្ចលើកទី៨ ទៅកាន់ប្រទេសអ៊ុយក្រែន។ ចាប់តាំងពីរុស្ស៊ីបានលុកលុយពេញទំហឹងក្នុងខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី ប៊ែរបក់ បាននិយាយថា ដើម្បីការពារខ្លួនពីការវាយប្រហារនៃយន្តហោះដ្រូន និងមីស៊ីលរុស្ស៊ី អ៊ុយក្រែនត្រូវការការជំរុញជាបន្ទាន់ នូវការការពារដែនអាកាសរបស់ខ្លួន។

លោកស្រី ប៊ែរបក់ បន្ថែមថា ការគាំទ្ររបស់យើង គឺផ្អែកលើការជឿជាក់យ៉ាងមុតមាំថា អ៊ុយក្រែននឹងឈ្នះសង្រ្គាមនេះ ហើយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជឿជាក់ថា អ៊ុយក្រែន និងសម្ព័ន្ធមិត្ត ក្នុងពេលណាមួយ នឹងអស់លទ្ធភាព ប៉ុន្តែយើងមានសមត្ថភាពទប់ទល់បាន។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានកាលពីសប្តាហ៍មុនថា ការវាយលុកផ្លូវគោករបស់រុស្ស៊ីដែលបានចាប់ផ្តើមក្នុងខែឧសភានេះ នៅក្នុងតំបន់ Kharkiv ភាគខាងកើត ប្រហែលគ្រាន់តែជា “រលកទីមួយ” ប៉ុណ្ណោះ ហើយថា ទាហានរុស្ស៊ីអាចនឹងកំពុងឆ្ពោះទៅរកទីក្រុង Kharki ដែលជាក្រុងធំបំផុតទីពីរនៅអ៊ុយក្រែន។

ទន្ទឹមនឹងនេះ លោក ហ្សេលេនស្គី បានអំពាវនាវម្តងហើយម្តងទៀតដល់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនឱ្យផ្តល់យ៉ាងហោចណាស់ប្រព័ន្ធការពារដែនអាកាសចំនួន ៧បន្ថែមទៀត ដែលយ៉ាងហោចណាស់ ២គ្រឿងសម្រាប់ការពារតំបន់ Kharkiv៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner