សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្ត ផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ឆ្នាំ២០២៤-២០៣៥

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកល នៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នៅព្រឹកថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២៤។

ការគ្របដណ្តប់សុខភាពជាសកល (គ.ស.ស.) ជាការប្តេជ្ញារបស់ប្រទេសនានាក្នុងពិភពលោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងគោលបំណងផ្តល់សេវាថែទាំសុខ ភាពដែលមានគុណភាព ប្រកបដោយសមធម៌ ដល់ពលរដ្ឋទាំងអស់ ដោយមិនមាន បញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។ ការប្តេជ្ញាជាសកលនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គោលដៅទី៣ ស្តីពីការធានាឱ្យបាននូវសុខភាពល្អ និង លើកកម្ពស់សុខុមាលភាពសម្រាប់ពលរដ្ឋគ្រប់វ័យ)។

ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់រំលេច គ.ស.ស. ជាធាតុស្នូល នៅក្នុងឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយជាតិនានា ដូចជាយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ២០១៩-២០២៣, ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០០៨-២០១៥ និង ២០១៦-២០២០, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥, និង ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់ នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏បានកំណត់ «ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» ជាកម្មវិធីគោលនយោ បាយអាទិភាពទី១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ផងដែរ។
ផ្អែកលើមូលដ្ឋានខាងលើ និងដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន, ក្រុមប្រឹក្សាជាតិគាំពារសង្គម បានបង្កើតក្រុមការងារបច្ចេកទេសរៀបចំផែនទី បង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ដែលសម្របសម្រួលដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញតំណាងឱ្យក្រសួងសុខាភិបាល ដើម្បីរៀបចំតាក់តែង សេចក្ដីព្រាង «ផែនទី បង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា» និងបានដាក់ឆ្លង កិច្ច ប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ព្រមទាំងបាន ទទួល ការសម្រេច និងផ្តល់ហត្ថលេខាដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

ផែនទីបង្ហាញផ្លូវនេះ ជាឯកសារមគ្គុទេ្ទសក៍សម្រាប់កំណត់ ដំណើរជាយុទ្ធសាស្ត្រឆ្ពោះទៅ គ.ស.ស. នៅកម្ពុជា ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៥ តាមរយៈការកំណត់ជម្រើសគោល នយោបាយអាទិភាពសម្រាប់ពង្រឹងប្រព័ន្ធគាំពារសុខភាពសង្គម និងប្រព័ន្ធសុខាភិបាល ក្នុងទិដ្ឋភាពពហុវិស័យ, ពហុវិមាត្រ និងគ្រប់ជ្រុងជ្រោយ ដោយបង្ហាញទិសដៅកម្រិតយុទ្ធ សាស្ត្រ និងទុកលទ្ធភាពឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តរៀបចំផែនការប្រតិបត្តិលម្អិត ដើម្បីអនុវត្តផែនទីបង្ហាញផ្លូវនេះ ជាជំហានៗ។

ផែនទីបង្ហាញផ្លូវនេះ ក៏នឹងដើរតួ នាទីយ៉ាងសំខាន់ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិ បាលនីតិកាលទី៧ នៃរដ្ឋសភា ដោយមិនត្រឹមតែផ្តោតលើការពង្រីកវិសាលភាពនៃការគ្រប ដណ្ដប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមប៉ុណ្ណោះទេ តែថែមទាំងផ្ដោតផងដែរ លើវិមាត្រ ២ទៀត ដែលរួមមានការគ្របដណ្តប់សេវាសុខាភិបាលសារវន្ត, និងការការពារ ហានិភ័យហិរញ្ញវត្ថុ និងហិរញ្ញប្បទានសុខាភិបាល ព្រមទាំងការគិតគូរអំពី កត្តាជំរុញគាំទ្រផងដែរ ។

ផ្អែកលើសមិទ្ធផលនានាដែលសម្រេចបានកន្លងមក ទាំងក្នុងវិស័យសុខាភិបាល និងប្រព័ន្ធគាំពារសុខភាពសង្គម ព្រមទាំងការវិភាគស៊ីជម្រៅលើបញ្ហាប្រឈមបច្ចុប្បន្ន និងនាពេលអនាគត, ផែនទីបង្ហាញផ្លូវនេះ បានកំណត់ ដំណើរជាយុទ្ធសាស្ត្រឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ពីឆ្នាំ២០២៤ ដល់២០៣៥ តាមរយៈការដាក់ ចេញនូវសកម្មភាពយុទ្ធសាស្ត្រ និងគោលដៅអាទិភាព តាមដំណាក់កាល ក្នុងទិដ្ឋភាព ពហុវិស័យ តាមរយៈការអភិវឌ្ឍប្រព័ន្ធគាំពារសុខភាពសង្គម និងការពង្រឹងសមត្ថភាព ផ្តល់សេវាសុខាភិបាលទាំងសាធារណៈ និងឯកជន សំដៅកាត់បន្ថយឱ្យបានជាអតិ បរមាអត្រាចំណាយពីហោប៉ៅលើការថែទាំសុខភាព និងពង្រឹងប្រសិទ្ធភាពចំណាយ សម្រាប់វិស័យសុខាភិបាល ។

ផែនទីបង្ហាញផ្លូវនេះ កំណត់គោលដៅជាក់លាក់ចំនួន៣ ដូចខាងក្រោម៖ (១) ការពង្រីកវិសាលភាពគ្របដណ្តប់ពលរដ្ឋ ដោយប្រព័ន្ធគាំពារសុខភាពសង្គមឱ្យបាន ៨០ភាគរយ នៃចំនួនពលរដ្ឋសរុប, (២) សន្ទស្សន៍គ្របដណ្តប់សេវាសុខាភិបាលសារវន្ត ឱ្យបានយ៉ាងហោចណាស់ ៨០ភាគរយ (៣) កាត់បន្ថយអត្រាចំណាយពីហោប៉ៅ លើការថែទាំសុខភាពឱ្យនៅត្រឹម ៣៥ភាគរយ នៃចំណាយសរុបលើវិស័យសុខាភិបាល ។
ដើម្បីសម្រេចបាននូវគោលដៅទាំង៣នេះ, ផែនទីបង្ហាញផ្លូវនេះ ក៏បានកំណត់នូវវិមាត្រចំនួន ៣ និងកត្តាជំរុញគាំទ្រមួយចំនួនផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner