សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការឃាត់ខ្លួន មេគណបក្សកម្លាំងជាតិ ជាការអនុវត្តវិធានការច្បាប់

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឃាត់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ គឺជាការអនុវត្តវិធានការច្បាប់ ដើម្បីការពារភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ បើតាមប្រសាសន៍សម្តេចធិបតី រាជរដ្ឋាភិបាល គាំទ្រសេរីភាព នៃការបញ្ចេញមតិ តែនឹងត្រូវអនុវត្តច្បាប់ចំពោះការបំភ្លៃ ចោទប្រកាន់ និងបង្កើតចលាចលក្នុងសង្គម ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកល នៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នៅព្រឹកថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យើងខំធ្វើចង់ងាប់ មានអ្នកនយោបាយចូលចិត្តបន្តុះបង្អាប់ណាស់។ ស្អីក៏រាជរដ្ឋាភិបាលអាក្រក់ ស្អីក៏គ្មានកំណើត បង្អាប់ក្នុងប្រទេសមិនអស់ចិត្ត ចេញក្រៅប្រទេសបង្អាប់ទៀត ប៉ុន្តែករណីមួយនេះ បង្អាប់តម្លៃរឿងកម្មវិធីបណ្ណក្រីក្រ របស់រាជរដ្ឋាភិបាល។ បង្អាប់មិនកើត ព្រោះប្រជាពលរដ្ឋ បានទទួល ប្រជាពលរដ្ឋឱ្យតម្លៃ អីចឹងបង្អាប់លែងអស់តម្លៃ លួចតែម្តង។ គេលួចយ៉ាងម៉េច? គេថា កម្មវិធីនេះ អាក្រក់ណាស់ គេទៅភូតប្រជាពលរដ្ឋវិញ។ គេថា អាហ្នឹងល្អ តែរបៀបធ្វើអាក្រក់។ ទៅចោទរដ្ឋាភិបាលថា ប្រកាន់បក្ខពួក ឱ្យតែគ្នាឯង។ សួរ ៤លាន ៧សែននាក់ ឱ្យតែខ្សែបងប្អូន ខ្សែមេភូមិមេឃុំ ចង្វាយខេត្ត ខ្ញុំសួរថា ពួកគាត់មានបងប្អូនប៉ុន្មាននាក់? គ្រួសារណា ដល់ល ៤លាន ៧សែននាក់?»។

សម្តេចបានបន្តថា យើងធ្វើគោលនយោបាយសម្រាប់ប្រជាពលរដ្ឋយើង ដោយមិនរើសអើង តែគេមិនត្រឹមតែប៉ុណ្ណឹងទេ គេថា គេបានដោយសារចូលបក្សប្រឆាំង។ រដ្ឋាភិបាលខំធ្វើចង់ងាប់ ដាំ ២០ឆ្នាំ ទម្រាំតែបានផ្លែ ទីបំផុតអ្នកឯងមកលួចហើយ ជេរអ្នកដាំទៀត បោកប្រាស់អ្នកដាំទៀត ។ ហ្នឹងហើយ ដែលមានការប្តឹង និងឃាត់ខ្លួន ស៊ុន ចន្ធី ។ អានេះ មិនមែនសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិទេ គឺបោកយកតែម្តង ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីចំណេញនយោបាយ ដោយចេតនា អីចឹងត្រូវប្រឈមជាមួយច្បាប់ទៅ ។

សម្ដេចធិបតី បានរំឭកដែរថា ប៉ុន្មានថ្ងៃនេះ នៅប្រទេសអាល្លឺម៉ង់ មានការប្ដឹងមនុស្សម្នាក់ ដែលចោទរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ តាមបណ្ដាញសង្គម X ថា លោករដ្ឋមន្ត្រីជាឧក្រិដ្ឋជន ដោយសារតែមិនបញ្ជូនអាវុធ ទៅឲ្យអ៊ុយក្រែន ដើម្បីទប់ទល់នឹងរុស្ស៊ី ។ សម្ដេច ទាញហេតុផលថា បើប្រទេសលោកសេរីអនុវត្តច្បាប់បាន ប្រទេសកម្ពុជា ក៏អនុវត្តច្បាប់បានដូចគ្នាដែរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើមិត្តបរទេស កុំដាក់សម្ពាធរាជរដ្ឋាភិបាលកម្ពុជា លើការអនុវត្តច្បាប់លើបុគ្គលដែលល្មើសច្បាប់ តែគួរតែប្រាប់ ទៅក្រុមប្រឆាំង កុំឱ្យប្រព្រឹត្តខុសច្បាប់ ។ សម្ដេច សូមអំពាវនាវដល់មិត្តបរទេសទាំងអស់ ដែលមកណែនាំកម្ពុជា កុំប្រើច្បាប់ ដើម្បីបិទសំឡេង តែគួរណែនាំអ្នកធ្វើខុសច្បាប់ កុំឲ្យរំលោភច្បាប់ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រសេរីភាពនៃការបញ្ចេញមតិ តែក៏ត្រូវអនុវត្តច្បាប់ ចំពោះការបំភ្លៃ ចោទប្រកាន់ បង្កើតចលាចលវឹកវរ ក្នុងសង្គមដែរ ។

សម្ដេចធិបតីបន្ថែមថា អ្នកនយោបាយត្រូវមានស្ដង់ដា ត្រូវមានក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ ជាងប្រជាពលរដ្ឋ មិនអាចចេះតែដើរនិយាយរញ៉េរញ៉ៃអីចឹងទេ ព្រោះនាំឲ្យពុលសង្គម ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ករណីលោក ស៊ុន ចន្ទី មិនមែនទើបតែរិះគន់រដ្ឋាភិបាល ក្នុងពេលឥឡូវនេះទេ គឺគាត់រិះគន់រាជរដ្ឋាភិបាលរហូតមក ក្រោមហេតុផលជាវេទិកាសេរី តែមិនត្រូវប្រឌិតរឿងដើម្បីកេងចំណេញនយោបាយ បង្កើតឲ្យមានភាពវឹកវរឡើយ។ ដូច្នេះការអនុវត្តច្បាប់ ចំពោះលោក ស៊ុន ចន្ទី រូបនេះ គឺជាការអនុវត្តវិធានការច្បាប់ ដើម្បីការពារភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner