Amazon ចាយ ១៧ពាន់លានដុល្លារ ពង្រឹងមជ្ឈមណ្ឌលទិន្នន័យនៅអេស្ប៉ាញ

ម៉ាឌ្រីដ៖ ក្រុមហ៊ុន Amazon បានប្រកាសកាលពីថ្ងៃពុធថា អង្គភាពកុំព្យូទ័ររបស់ខ្លួនគឺ Amazon Web Services (AWS) នឹងបោះវិនិយោគជាង ១៧ពាន់លានដុល្លារ ដើម្បីពង្រឹងមជ្ឈមណ្ឌលផ្ទុកទិន្នន័យលើប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួននៅក្នុងតំបន់ Aragon របស់ប្រទេសអេស្ប៉ាញ រហូតដល់ឆ្នាំ២០៣៣។

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ បានគូសបញ្ជាក់ថា ការវិនិយោគរបស់ខ្លួននឹងបង្កើតការងារប្រយោលដល់បុគ្គលិកប្រហែល ១៧,៥០០នាក់ នៅក្នុងក្រុមហ៊ុនក្នុងស្រុក នៅតំបន់ភាគពាយព្យនៃប្រទេសអេស្ប៉ាញ។

រដ្ឋមន្ត្រីក្រសួងផ្លាស់ប្តូរឌីជីថលអេស្ប៉ាញ លោក Jose Luis Escriva បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការប្តេជ្ញាចិត្តថ្មីនេះដោយអង្គភាព AWS បានបង្ហាញពីភាពទាក់ទាញរបស់ប្រទេសរបស់យើង ក្នុងនាមជាមជ្ឈមណ្ឌលបច្ចេកវិទ្យាជាយុទ្ធសាស្ត្រនៅអឺរ៉ុបភាគខាងត្បូង។

ការបោះទុនរបស់ Amazon នាពេលនេះធ្វើឡើង បន្ទាប់ពីបានប្រកាសកាលពីខែនេះ អំពីការវិនិយោគជាង ៨ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យលើប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសអាល្លឺម៉ង់ និងជាង ១ពាន់លានដុល្លារទៀតនៅក្នុងប្រទេសបារាំង ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ Cloud និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៃសេវាកម្មដឹកជញ្ជូនទំនិញរបស់ខ្លួន។

ក្នុងឆ្នាំ២០២១ ក្រុមហ៊ុន Amazon មានគម្រោងបោះទុនវិនិយោគជាង ២ពាន់លានដុល្លារនៅតំបន់ Aragon ជាកន្លែងដែលខ្លួនមានមជ្ឈមណ្ឌលផ្ទុកទិន្នន័យលើប្រព័ន្ធអ៊ីនធឺណិតចំនួន៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner