ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ រយៈពេល៩ ខែកន្លងមកនេះ ក្រសួងមុខងារសាធារណៈបានខិតខំអនុវត្តការងាររបស់ខ្លួនលើ៣ផ្នែកសំខាន់ៗ
(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី មានប្រសាសន៍លើកឡើងថា ក្នុងរយៈពេល ៩ខែកន្លងមកនេះ ក្រសួងមុខងារសាធារណៈបានខិតខំអនុវត្តការងាររបស់ខ្លួនលើផ្នែក៖ (១)ការអនុវត្តមុខងារស្នូលរបស់ក្រសួងក្នុងការគ្រប់គ្រង និងអភិវឌ្ឍមុខងារសាធារណៈ (២) ការកែទម្រង់ រដ្ឋបាលសាធារណៈ និង (៣)ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។
នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅក្នុងចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពការងាររយៈពេល៩ខែ របស់ក្រសួងមុខងារសាធារណៈក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្តថា ក្រសួងមុខងារសាធារណៈធានាបាននូវការបើកប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិលជាទៀងទាត់ ២ ដងក្នុង ១ខែ.ការគ្រប់គ្រងទិន្នន័យមន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ការគ្រប់គ្រងស្ថានភាពរដ្ឋបាល មន្ត្រីរាជការស៊ីវិល ដូចជាការគ្រប់គ្រងកម្មសិក្សា, ការតាំងស៊ប់, ការតែងតាំង, ការផ្ទេរ, ការដំឡើងថ្នាក់ និង ឋានន្តរស័ក្តិ, ការដាក់ឱ្យចូលនិវត្តន៍, ការដាក់វិធានការវិន័យ ជាដើម។ បន្ថែមលើនេះ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រសួងមុខងារសាធារណៈ ក៏បានរៀបចំទាន់ពេលវេលាក្នុងការដំឡើងប្រាក់បៀវត្ស មូលដ្ឋាន និងប្រាក់ដំណាច់មុខងារជូនមន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដំឡើងប្រាក់កម្រៃ ប្រចាំខែជូនមន្ត្រីកិច្ចសន្យាផងដែរ ។

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក៏បានបន្ថែមថា ក្រសួងមុខងារសាធារណៈ បានរៀបចំដំណើរការផ្ទៃក្នុងរបស់ក្រសួងជាបន្តបន្ទាប់ឱ្យកាន់តែល្អប្រសើរ បន្ថែមទៀតដូចជា ការកែលម្អយន្តការការងារផ្ទៃក្នុងរបស់ក្រសួង និងពង្រឹងសមត្ថភាពស្ថាប័ន ដោយបានរៀបចំរចនាសម្ព័ន្ធអង្គភាព និងយន្តការប្រតិបត្តិ ពង្រឹងប្រសិទ្ធភាពការងារ តាមរយៈប្រព័ន្ធគ្រប់គ្រងវត្តមានរបបប្រជុំ និងរបៀបរបប អនុវត្តការងារប្រចាំថ្ងៃ ការលើកទឹកចិត្តដល់មន្ត្រី និងអង្គភាពតាមរយៈកម្មវិធីសំខាន់ៗក្នុងក្របខណ្ឌនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈក្នុងនាមលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) បាន ដឹកនាំការអនុវត្តវិធានការគន្លឹះចំនួន៣គឺ៖ (១)ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងរដ្ឋបាល សាធារណៈ (២) ការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ និង (៣) ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម។

សមិទ្ធផលការងារដែលគួរកត់សម្គាល់ លើក្របខណ្ឌកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងក្រោមការដឹកនាំណែនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យជាយុទ្ធស របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមុខងារសាធារណៈ បានដឹកនាំរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដើម្បីបម្រើការ តាមបណ្តាក្រសួង ស្ថាប័ន ចំនួន ៦លើក ដោយបានជ្រើសរើសបេក្ខជនសរុបចំនួន ៩៧៥នាក់ និងកំពុង ដំណើរការជ្រើសរើសជាបន្តបន្ទាប់ ៕





ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជឹម ភារ៉ា