សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសមអភិបាលខេត្តព្រះសីហនុ
នារសៀលថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ លោក វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងសហការី អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដោយគូសបញ្ជាក់ថា ការផ្លាស់ប្តូរចូលកាន់តំណែងអភិបាលខេត្តព្រះសីហនុនាពេលនេះ ជាបន្ទុកមួយដោយសារតែបច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ និងបរិស្ថានកំពុងប្រឈមទាមទារដោះស្រាយបន្ទាន់ ។ ជំហានដំបូងសិក្សាប្រព័ន្ធលូទឹកភ្លៀង និងលូទឹកស្អុយ ហើយបានឱ្យក្រុមការងារបច្ចេកទេសសិក្សាពីប្រពន្ធលូទឹកភ្លៀង និងប្រពន្ធលូទឹកកខ្វក់មានដូចជា ទី១)ប្រវែងលូ ទី២)តម្លៃនៃការសាងសង់ ទី៣) ប្រើរយៈពេល នៃការសាងសង់ និងទី៤)ការវិនិយោគប្រពន្ធលូទឹកកខ្វក់ និងលូរទឹកភ្លៀង។ បញ្ហាមួយទៀត សិក្សាផ្លូវមួយខ្សែចេញពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ រាម មកកាត់តាមអូរត្រេះ មកក្រុងព្រះសីហនុ ដើម្បីជួយសម្រួល កាត់បន្ថយការកកស្ទះចរាចរណ៍ពីផ្លូវជាតិលេខ៤ ។ 
ឯកឧត្តមកមានគម្រោងបង្វែរឡានដឹក កុងតឺន័រ ឱ្យទៅតាមផ្លូវស្ទឹងហាវវិញផងដែរ។ ទន្ទឹមនោះបញ្ហាខ្សាច់សមុទ្រយក មកឆារលាយជាមួយខ្សាច់កំពង់ស្ពី ក៏ជាបញ្ហាប្រឈមដល់ការដ្ឋានសំណង់នានាក្នុងក្រុងព្រះសីហនុ តម្រូវឱ្យក្រុមការងារសិក្សាផលប៉ះពាល់ដល់ការដ្ឋានសំណង់នានាក្នុងក្រុងព្រះសីហនុ ។ 
លោក វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានជម្រាបជូនថា សភាពាណិជ្ជកម្មខេត្ត មានតួនាទីក្នុងការសម្របសម្រួលជាមួយសមាជិក និងលើកកម្ពស់ក្នុងការទាក់ទាញវិនិយោគ លើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ មកកាន់ខេត្តព្រះសីហនុ។ លោកក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តថ្មី ព្រមទាំងសុំការជួយគាំទ្រដល់សភាពាណិជ្ជកម្មខេត្ត ឱ្យដំណើរការកាន់តែរលូនបន្តទៀត ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ខេត្តព្រះសីហនុ៕ម.ន
