លោក ម៉ៃ ប៉ុមប៉េអូ អះអាងថា សហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង នឹងចាប់ផ្តើមធ្វើ កិច្ចចរចានុយក្លេអ៊ែរឡើងវិញ នាពាក់កណ្តាលខែកក្កដានេះ
សហរដ្ឋអាម៉េរិក៖ កិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង ទំនងជាត្រូវចាប់ផ្ដើមឡើងវិញនៅពាក់កណ្ដាលខែកក្កដាខាងមុខ នេះបើតាមការរំពឹងទុករបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯមូលដ្ឋានទ័ពអាកាសអូសាន ភាគខាងត្បូងទីក្រុងសេអូល ប្រទេសកូរ៉េខាងត្បូង ប្រមុខការទូតអាម៉េរិករូបនេះ បាននិយាយថា កិច្ចចរចានុយក្លេអ៊ែរអាចនឹងកើតឡើងជាថ្មីនៅក្នុងខែកក្កដានេះ ពោលគឺលោករំពឹងថា នៅពីរ ឬបីសប្ដាហ៍ខាងមុខទៀតនេះ។
សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃអាទិត្យម្សិលមិញនេះ បានជួបគ្នានៅក្នុងជំនួបដ៏ភ្ញាក់ផ្អើលមួយនៅឯតំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ ហើយតាមរយៈជំនួបនេះលោក ត្រាំ បានក្លាយជាប្រធានាធិបតីអាម៉េរិកកំពុងកាន់អំណាចដំបូងគេបំផុត ដែលបានចូលទៅក្នុងទឹកដីកូរ៉េខាងជើង ជាទីដែលលោក និងលោក គីម យល់ព្រមបើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញ៕ម.ន
