អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ដាក់គោលដៅធំៗ២ ក្រោយមិនទទួលបាន ជោគជ័យពីការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩
ក្រោយមិនទទួលបានជោគជ័យពីការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តការណ៍កីឡាហែលទឹកជើងឯកយុវជន អាស៊ីអាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានដាក់គោលដៅសំខាន់ធំៗ២ គឺ១)រៀបចំផែនការហ្វឹកហាត់រយៈពេលវែង សម្រាប់អត្តពលិកវ័យក្មេង ដោយចាប់ផ្តើមពីឥឡូវនេះ ដោយមិនអាចពន្យារពេលទៀតឡើយ និងទី២)គ្រូបង្វឹក ត្រូវតែព្យាយាមរកគ្រូដែលមានទេពកោសល្យ នឹងមានចំណេះដឹងសម្រាប់ផែនហ្វឹកហាត់ដល់ក្មេងៗ ដើម្បីបំពេញបន្ថែមលើនូវចំណុចខ្វះខាត។

លោក ហែម គីរី បន្ថែមទៀតថា ការធ្វើជាម្ចាស់ផ្ទះលើកនេះ “យើងមិនទទួលបានមេដាយ ប៉ុន្តែកីឡាករ កីឡាការិនីវ័យក្មេងយើង បានបំបែកសិទ្ធផលច្រើនណាស់ ជាពិសេសអត្តពលិក៣នាក់ ដែលទៅហ្វឹកហាត់ នៅជប៉ុន” ជាមួយគ្នានេះ សហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍ និងគណៈកម្មការបច្ចេកទេសអន្តរជាតិ បានសរសើរមន្រ្តីសហព័ន្ធកម្ពុជាថា មានសមត្ថភាពដឹកនាំការប្រកួតជាលក្ខណៈអន្តរជាតិ ដូចធ្លាប់បានធ្វើអ៊ីចឹង ហើយក្នុងមន្រ្តីសហព័ន្ធកម្ពុជា២រូប គឺលោក នាង សុរិត្យា និងលោក ឆាយ ភិរម្យ ត្រូវបានផ្តល់ទំនុកចិត្តឲ្យចូលរួមតួនាទីសំខាន់២ ក្នុងព្រឹត្តការណ៍ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៤៣នេះ។

អគ្គលេខាធិការរូបនេះ បន្តថា ផែនការបន្ទាប់ គឺជំរុញការហ្វឹកហាត់រយៈពេលវែងសម្រាប់កីឡាករ កីឡាការិនីថ្នាល បណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងមន្រ្តីសហព័ន្ធ ឲ្យមានសមត្ថភាពគ្រប់គ្រាន់អាចរៀបចំព្រឹត្តិការណ៍ជាលក្ខណៈអន្តរជាតិបាន តាមរយៈបង្កើតព្រឹត្តការណ៍ប្រកួតឲ្យបានច្រើន ដើម្បីបង្កើនសិទ្ធផលកីឡាករ កីឡាការិនីផង និងបង្កើនសមត្ថភាពមន្រ្តីសហព័ន្ធផងដែរ។

ចំពោះលទ្ធផលនៃការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩ វៀតណាម ឈរលេខ១ ដណ្តើមមេដាយ១០៩សរុប គ្រឿង មាស៤៣ ប្រាក់៤១ និងសំរឹទ្ធិ២៥ លេខ២ ថៃដណ្តើមមេដាយសរុប៧៦គ្រឿង មាស២៨ ប្រាក់១៨ និងសំរឹទ្ធិ៣០ សិង្ហបូរីលេខ៣ ដណ្តើមមេដាយសរុប៤៣ គ្រឿង មាស១១ ប្រាក់១៨ និងសំរឹទ្ធិ១៨ ឥណ្ឌូនេស៊ី លេខ៤ ដណ្តើមបានមេដាយសរុប ២០គ្រឿង មាស១០ ប្រាក់៣ និងសំរឹទ្ធិ៧ លេខ៥ ហ្វីលីពីន ដណ្តើមមេដាសរុប ៣០គ្រឿង មាស៨ ប្រាក់១៣ និងសំរឹទ្ធិ៩ ម៉ាឡេស៊ី លេខ៦ ដណ្តើមបានមេដាយសរុប ៣៧គ្រឿង មាស៧ ប្រាក់១៣ និងសំរឹទ្ធិ១៧ ខណៈកម្ពុជា ឡាវ ប្រ៊ុយណេ និងមីយ៉ាន់ម៉ា មិនដណ្តើមបានមេដាយនោះទេ៕ធ.ដ

