ពលរដ្ឋក្រីក្រ និងអតីតយុទ្ធជន០៤គ្រួសារ ទទួលបានអំណោយពីអភិបាលស្រុកកែវសីមា និងក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរី៖ ផ្ទះឈើប្រក់សង្កសីចំនួន១ខ្នង កំពុងដំណើរការសាងសង់ជិតរួចរាល់ ក្រោមការជួយជ្រោមជ្រែងពីសំណាក់សមាគមន៍អតីតយុទ្ធជនស្រុកកែវសីមា ដឹកនាំដោយអភិបាលស្រុកកែវសីមាលោក នួន សារ៉ន។ ការផ្តល់នូវផ្ទះដ៏សមរម្យមួយខ្នងនេះ គឺជូនទៅគ្រួសារអតីតនគរបាលស្រុកកែវសីមាចូលនិវត្តន៍ ដែលមានម្ចាស់ផ្ទះឈ្មោះ សំ សារី អាយុជាង៥០ឆ្នាំ មានប្រពន្ធ និងកូនក្នុងបន្ទុកចំនួន០៧នាក់។

លោក នួន សារ៉ន អភិបាលស្រុកកែវសីមា បានឲ្យដឹងថា ដោយសម្លឹងឃើញពីការរស់នៅលំបាករបស់អតីតនគរបាលចូលនិវត្តន៍រូបនេះ សមាគមន៍អតីតយុទ្ធជនស្រុក បានជួយសង់ផ្ទះឈើប្រក់សង្កសី១ខ្នង មានទំហំ៥គុណ៧ម៉ែត្រ ត្រូវចំណាយថវិកាប្រមាណបីពាន់ដុល្លារ។ ការសាងសង់នោះ គឺចុះធ្វើក្រោមការដឹកនាំផ្ទាល់ពីលោក ហួត រ័ត្ន មេបញ្ជាការមូលដ្ឋានកងទ័ពស្រុកកែវសីមា និងលោក ហេង អួង អធិការរងនគរបាលស្រុកកែវសីមា។

លោកអភិបាលស្រុកបញ្ជាក់ទៀតថា នៅថ្ងៃ០១កក្កដានេះ រូបលោកផ្ទាល់បាននាំយកនូវអំណោយរបស់សប្បុរសជន និងក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពស្រុក ចែកជូនគ្រួសារចំនួន០៤គ្រួសារផងដែរ ក្នុងនោះ៖

-គ្រួសារទី១ គឺអតីតយុទ្ធជន ទទួលបានផ្ទះ១ខ្នង និងថវិកាចំនួន១០ម៉ឺនរៀល ព្រមទាំងប្រាក់ជួយសង់ផ្ទះចំនួន៣៨៥០០០រៀល។

-គ្រួសារទី២ ជាស្ត្រីមេម៉ាយឈ្មោះ ឌឹម សុកនៅ អាយុ២៩ឆ្នាំ មានកូនតូចៗចំនួន២នាក់។ ការរស់នៅបច្ចុប្បន្ន គឺសុំដីរបស់គេសង់ខ្ទមរស់នៅ មានមុខរបរស៊ីឈ្នួលដាំដំឡូង។ ទទួលបានស្បៀងអាហារនិងថវិកាចំនួន២០ម៉ឺនរៀល។

-គ្រួសារទី៣ លោកយាយឈ្មោះ នៅ មុន អាយុ៦៨ឆ្នាំ រស់នៅជាមួយកូនស្រីមេម៉ាយចិញ្ចឹមកូន៣នាក់ ដោយមានមុខរបរជាអ្នកលក់នុំកង។ ទទួលបានថវិកាចំនួន២៧ម៉ឺនរៀល ព្រមទាំងស្បៀងអាហារ។

-ចំណែកគ្រួសារទី៤ ឈ្មោះ កែវ ចិន អាយុ៥៦ឆ្នាំ ជាបុរសពោះម៉ាយចិញ្ចឹមកូនស្រីអាយុ៩ឆ្នាំ មានជីវភាពក្រលំបាក និងមានជំងឺប្រចាំកាយផង។ គ្រួសារនេះ ទទួលបានថវិកាចំនួន២៤ម៉ឺនរៀលព្រមទាំងស្បៀងអាហារ។

អភិបាលស្រុកកែវសីមា លោក នួន សារ៉ន បានផ្តែផ្តាំដល់គ្រួសារក្រីក្រទាំងអស់ ត្រូវតែខំប្រឹងប្រែងធ្វើការងាររកស៊ីចិញ្ចឹមជីវិត ដើម្បីកុំឲ្យមានជីវភាពក្រីក្របន្តទៀត និងត្រូវប្រយ័ត្នចំពោះបញ្ហាសុខភាព។ក្រុមយុវជនស្រលាញ់សន្តិភាពទាំងខេត្តមណ្ឌលគិរី ទាំងបណ្តាស្រុកទាំងអស់ ត្រូវបានពលរដ្ឋក្នុងមូលដ្ឋានបញ្ជាក់ថា បានធ្វើសកម្មភាពមនុស្សធម៌ឥតឈប់ឈរ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ យ៉ាងសស្រោកសស្រាំ៕ធ.ដ

ដោយ៖ សាត ចាន់បុត្រ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner