ឯកឧត្តម ញឹក ប៊ុនឆៃ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំរដ្ឋាភិបាលរយៈពេលជាង៩ខែ ឃើញមានការវិវឌ្ឍគឺឱ្យកត់សម្គាល់
ភ្នំពេញ៖ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំរាជរដ្ឋាភិបាលក្នុងរយៈពេលជាង៩ខែមកនេះ គឺសង្កេតឃើញមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ ពោលគឺរាជរដ្ឋាភិបាលបានទំនាក់ទំនងផ្នែកអន្តរជាតិបានល្អប្រសើរ រាជរដ្ឋាភិបាលធ្វើសកម្មភាពទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ធ្វើការទាក់ទងអ្នកវិនិយោគទុននៅក្នុងតំបន់ ក៏ដូចជាក្រៅតំបន់ដើម្បីឱ្យគេមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា។ ពោលគឺរាជរដ្ឋាភិបាលបានទំនាក់ទំនងផ្នែកអន្តរជាតិបានល្អប្រសើរ រាជរដ្ឋាភិបាលធ្វើសកម្មភាពទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ធ្វើការទាក់ទងអ្នកវិនិយោគទុននៅក្នុងតំបន់ ក៏ដូចជាក្រៅតំបន់ ដើម្បីឱ្យគេមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ផ្ទៃក្នុងបានល្អប្រសើជាបណ្តើរៗ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនៅគោលនយោបាយយុទ្ធសាស្ត្រជាច្រើន ដើម្បីបំពេញឲ្យគោលនយោបាយបច្ចកោណដូចជា គោលនយោបាយកសិកម្ម វិនិយោគ អគ្គិសនី។ល។

ឯកឧត្តម ញឹក ប៊ុនឆៃ បានបន្តថា ទំនាក់ទំនងអន្តរជាតិរយៈពេលជាង៩ខែមកនេះ គឺរាជរដ្ឋាភិបាលបានពង្រឹងទំនាក់ទំនងល្អជាមួយប្រទេសនៅក្នុងតំបន់ និងក្រៅតំបន់។ ដោយឡែកស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់ផ្ទៃក្នុង រាជរដ្ឋាភិបាលបានគ្រប់គ្រងបានល្អ។ ចំណុចពិសេសមួយទៀត គឺការលើកទឹកចិត្ត ក្រោយការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី គឺការជីកព្រែកហ្វូណនតេជោ ត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងច្រើនលើសលប់។
ទាក់ទងទៅនិងការរិះគន់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចអំពីការជីកព្រែកហ្វូណនតេជោ ត្រូវបានឯកឧត្តម ញឹក ប៊ុនឆៃ លើកឡើងថា ការរិះគន់របស់ក្រុមប្រឆាំងគឺមិនត្រឹមត្រូវនោះទេ ហើយគួរតែទុកពេលវេលាឱ្យរដ្ឋាភិបាលថ្មីដំណើរការមួយរយៈសិនទៅ បានយើងអាចវាយតម្លៃ ឬក៏មើលឃើញលទ្ធផលយ៉ាងម៉េច។ យើងមិនគួរនាំគ្នាធ្វើការតិះទៀនរិះគន់ដោយមិនទាន់ដំណើរការអីផងថា ធ្វើអត់កើតទេ វាជាការមិនត្រឹមត្រូវទេ។ យើងគួរទុកពេលវេលាឱ្យសមរម្យដើម្បីឱ្យដំណើរការ។ ឯកឧត្តម ញឹក ប៊ុនឆៃ បានបញ្ជាក់ថា រយៈពេលជាង៩ខែមកនេះ គឺការងាររបស់រាជរដ្ឋាភិបាលមានការវិឌ្ឍជាច្រើនផ្នែក និងលទ្ធផលមានលេចចេញជាបណ្តើរៗ៕
ដោយ៖ពលជ័យ