អឺរ៉ុបបង្កើតការិយាល័យ AI គ្រប់គ្រងហានិភ័យបច្ចេកវិទ្យា
ព្រុចសែល៖ សហភាពអឺរ៉ុបកាលពីថ្ងៃពុធ បានប្រកាសពីការបង្កើត “ការិយាល័យ AI” ដែលប្រមូលផ្តុំដោយអ្នកជំនាញបច្ចេកវិទ្យា មេធាវី និងអ្នកសេដ្ឋកិច្ច ដើម្បីគ្រប់គ្រងបញ្ញាសិប្បនិម្មិតក្រោមច្បាប់ថ្មីដ៏ធំទូលាយមួយ។
សហភាពអឺរ៉ុបនៅឆ្នាំនេះ បានអនុម័តច្បាប់ដ៏ទូលំទូលាយដំបូងគេលើពិភពលោក ដើម្បីគ្រប់គ្រង AI ជាពិសេសប្រព័ន្ធដ៏មានឥទ្ធិពលដូចជា ChatGPT របស់ក្រុមហ៊ុន OpenAI បន្ទាប់ពីការចរចាដ៏តឹងតែងអស់រយៈពេលជាយូរមកហើយ។
គណៈកម្មការអឺរ៉ុបបាននិយាយថា “ការិយាល័យ AI” បង្កើតឡើងមានគោលបំណងអភិវឌ្ឍន៍, ការដាក់ពង្រាយ និងការប្រើប្រាស់ AI នាពេលអនាគត ក្នុងវិធីសាស្រ្តមួយ ដែលជំរុញផលប្រយោជន៍សង្គម និងសេដ្ឋកិច្ច ក៏ដូចជាការច្នៃប្រឌិត ហើយកាត់បន្ថយហានិភ័យនានា។

លោក Thierry Breton ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យាកំពូលរបស់សហភាពអឺរ៉ុប បាននិយាយថា ការិយាល័យ AI នឹងជំរុញប្រព័ន្ធអេកូ AI របស់អឺរ៉ុប អោយមានលក្ខណៈច្នៃប្រឌិត, ការប្រកួតប្រជែង និងគោរពតាមច្បាប់ រួមទាំងតម្លៃរបស់សហភាពអឺរ៉ុប។
ការិយាល័យ AI ដែលមានសមាជិក ១៤០រូបនេះដែរ បង្កើតឡើងដោយគណៈកម្មការ ដែលជាសេធិការប្រតិបត្តិរបស់សហភាពអឺរ៉ុប នឹងដើរតួជានិយតករបច្ចេកវិទ្យាដ៏មានឥទ្ធិពលរបស់ប្លុកនេះផងដែរ
បើតាមការអះអាងរបស់គណៈកម្មការអឺរ៉ុប ខ្លួនកំពុងវិនិយោគច្រើនជាង ១ពាន់លានដុល្លារជារៀងរាល់ឆ្នាំ នៅក្នុងគម្រោងស្រាវជ្រាវ AI ក្រោមគ្រោងការណ៍ផ្សេងៗគ្នា៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា