ព្រឹទ្ធសភា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ដែលមានរបៀបវារៈដូចខាងក្រោម៖

១- ការពិនិត្យ និងសម្រេចអំពីការបង្កើតក្រុមមិត្តភាពព្រឹទ្ធសភា កម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្ត ។

២- ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភា កម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការជាមួយអង្គការអន្តរសភា។

៣- ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភា កម្ពុជា សម្រាប់ត្រៀមសហការ និងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភា។

៤- ផ្សេងៗ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចដូចខាងក្រោម៖

១- បង្កើតក្រុមមិត្តភាពព្រឹទ្ធសភា កម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភានៃបណ្តាប្រទេសជាមិត្តចំនួន ១១ ប្រទេស រួមមាន ព្រឹទ្ធសភានៃសាធារណរដ្ឋបារាំង, សភាប្រឹក្សានយោបាយប្រជាជនចិន, រដ្ឋសភាតួកគី, ព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃឡង់ដ៍, រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម, រដ្ឋសភានៃសាធារណ-រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃ សហព័ន្ធរុស្ស៊ី, ព្រឹទ្ធសភាជប៉ុន, រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ, ព្រឹទ្ធសភានៃសាធារណ-រដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល-ប៊ែលហ្ស៊ិក។

២- បង្កើតក្រុមសមាជិកព្រឹទ្ធសភា កម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការជាមួយអង្គការអន្តរសភាចំនួន៥ រួមមាន៖ សភាប្រើភាសាបារាំង (Assemblée Parlementaire de la Francophonie – APF), សហភាពអន្តរសភា (Inter-Parliamentary Union – IPU), វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Parliamentary Forum – APPF), សភាតំបន់អាស៊ី (Asian Parliamentary Assembly – APA), បណ្តាញសភានៃក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement Parliamentary Network – NAM-PN)។

៣- បង្កើតក្រុមសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ត្រៀមសហការ និងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំ នៃអង្គការអន្តរសភាចំនួន៤ រួមមាន៖ អន្តរសភាអាស៊ាន (ASEAN Inter-Parliamentary Assembly – AIPA), កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (Cambodia – Laos – Viet Nam (CLV) Parliamentary Summit), ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (Asia-Europe Parliamentary Partnership – ASEP), សភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (International Parliament for Tolerance and Peace – IPTP) ៕

ដោយ ៖ វណ្ណលុក

រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner